ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹក ថ្ងៃច័ន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ នេះ បាន រៀបចំវេទិកា “ស្វែងយល់ពីទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គសង្ក្រាន្ត ឆ្នាំ២០១៨” ក្នុងសាលពហុបំណង មជ្ឈមណ្ឌលសហប្រត្តិបត្តិកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។
លោក សោម រតនា ប្រធានក្រុមការងារ ទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីមានគោលបំណង ក្នុងការថែរក្សាលើកស្ទួយលើមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ព្រឹត្តិការណ៍ នេះ ក៏ចូលរួមបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាព រវាងខ្មែរនិងខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបានបណ្តុះស្មារតី ដើម្បីឲ្យយុវជនបានចូលរួម និងបង្កើតទឹកចិត្តស្រលាញ់ លើកមរតកវប្បធម៌ខ្មែរ។ ការស្រលាញ់ទាំងនោះ នឹងបង្កើតឲ្យមានការចូលរួមគាំទ្រ ការពារ អភិរក្ស និងអភិវឌ្ឍន៍លើមរតកវប្បធម៌ទាំងនោះ និងចូលរួមផ្សព្វផ្សាយ ចំណេះដឹងទាំងនោះ ឲ្យកាន់តែទូលំទូលាយទៅសកលលោក។
ក្រៅពីនេះអង្គរសង្ក្រាន្តធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរក៏ដូចជាជាតិសាសន៍ដទៃ បានស្វែងយល់ពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា អភិរក្ស និងលើកតម្កើងព្រឹត្តិការណ៍នេះជារៀងរហូត ក្នុងស្មារតី រួបរួមកម្លាំងសាមគ្គីភាព ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ ជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍអរិយធម៌ វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។
លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមការងារប្រត្តិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍អង្គរ សង្ក្រាន្តកាន់តែទទួលបានការគាំទ្រអំពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ បានទាក់ទាញភ្ញៀនទេសចរណ៍ និងធ្វើឲ្យចំណូលសេដ្ឋកិច្ចជាតិកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន អង្គរសង្ក្រាន្ត កំពុងតែក្លាយទៅជាព្រឹត្តិការណ៍គំរូមួយ សម្រាប់ខេត្តដទៃទៀត ប្រារព្ធដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក សុខ សប្បាយណា គូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទទួលជោគជ័យ ដោយមានការចូលរួមសហការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ វិស័យឯកជន យុវជនស្ម័គ្រចិត្ត និងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយរួបរួមគ្នាជាធ្លុងមួយ និងប្រកបដោយទឹកចិត្តរីករាយ បង្ហាញពីសមត្ថភាពរៀងៗខ្លួន ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យកើតមានឡើង។
លោក បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ គ្រោងនឹងប្រារព្ធឡើង ក្រោមប្រធានបទ “សាទរមរតកដូនតា” គឺជាព្រឹត្តិការណ៍ ដែលរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ យកមកបង្ហាញជូនសាធារណជន ជាតិ និងអន្តរជាតិ តាមរយៈផ្ទាំងទស្សនីយភាពវប្បធម៌ ជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ នៅតាមតំបន់ផ្សេងៗ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។ កម្មវិធីទាំងនោះ នឹងប្រព្រឹត្តិទៅនាបរិវេណខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប ទឹកដីនៃអាណាចក្រវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃសុក្រទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក សុខ សប្បាយណា បានបន្ថែមទៀតថា វេទិកាថ្ងៃនេះ ផ្តល់ឱកាសឲ្យយុវជន និងសាធារណជនអាចស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីទិដ្ឋភាពទូទៅ ការចនាបថតុបតែង និងធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាពិសេសបញ្ជៀសកុំឲ្យមានការភ័ណ្ឌច្រលំរចនាប័ទ្ម ស្នាដៃ នៃសិល្បៈវប្បធម៌របស់ខ្លួន ទៅនឹងបណ្តាស្នាដៃ នៃសិល្បៈវប្បធម៌ប្រទេសដទៃ ដែលមានភាពស្រដៀង និងប្រហាក់ប្រហែលគ្នា។ ដូចជា តួអង្គនិមិត្តរូប ខ្លោងទ្វារ និងការតុបតែង នៅទីសាធារណៈ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨៕