ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ស្របជាមួយកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី និងជាប្រធានគណកម្មាធិការកិច្ចការព្រំដែនជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធិផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព” ថ្នាក់ដឹកនាំ នឹងអនុម័តជាផ្លូវការផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨-២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូល នឹងត្រូវចេញផ្សាយ ផងដែរ។
នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គ ផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹងពិនិត្យសមិទ្ធិផល នាឆ្នាំកន្លងមក នៃគំនិតផ្ដួចផ្ដើមនានា ហើយនឹងកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត ក្នុងវិស័យសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ ថ្នាក់
ដឹកនាំ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំង នូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា ឡាវ វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ ៕