តាកែវ ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត តាកែវ បានមានប្រសាសន៍ថា បន្លែ និងផ្លែឈើជា ច្រើនប្រភេទ ត្រូវបាននាំចូលមកពីប្រទេសវៀត ណាមតាមច្រកទ្វារអន្តរជាតិភ្នំដិន ហើយនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៨នេះ បន្លែ និងផ្លែឈើ ត្រូវបាននាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន មានចំនួន២៧០ តោន ហើយបើគិតជាមធ្យមភាគក្នុងមួយថ្ងៃៗមាន បន្លែ ផ្លែឈើ នាំចូលយ៉ាងតិចក៏១០តោនដែរ។
លោកបន្តថា បន្លែ និងផ្លែឈើទាំងនេះ មុននឹងនាំចូលមកចរាចរណ៍លើទីផ្សារលើប្រទេសកម្ពុជា ត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើត្តេស៍បឋម ដោយមន្ត្រីជំនាញកាំកុងត្រូល ដែលឈរជើងនៅច្រកទ្វារអន្តរជាតិមួយនេះ ហើយបើសិនជាក្នុងករណីពិនិត្យរកឃើញនូវ ប្រភេទបន្លែ ឬក៍ផ្លែឈើណា ដែលមានសារធាតុគីមី ថ្នាំកសិកម្ម ដែលធ្វើឲ្យប៉ះពាល់សុខ ភាពអ្នកបរិភោគ មន្ត្រីជំនាញកាំកុងត្រូល នឹងធ្វើការហាមឃាត់បន្លែ ផ្លែឈើទាំងនោះមិនឲ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជានោះឡើយ ។
មូលហេតុដែលនាំឲ្យមានការនាំចូលបន្លែ ផ្លែ ឈើពីប្រទេសវៀតណាមយ៉ាងច្រើនបែបនេះ គឺបណ្តាលមកពីការផ្គត់ផ្គង់និងតម្រូវការទីផ្សារក្នុងស្រុក ដែលពឹងផ្អែកទៅលើបងប្អូនប្រជាកសិករធ្វើការដាំដុះ មិនបានគ្រប់គ្រាន់ និយាយជារួមផលិតផលបន្លែផ្លែ ឈើក្នុងស្រុកមិនអាចបំពេញតម្រូវការនៅលើទីផ្សារកម្ពុជាយើងបាននោះទេ។
ក្នុងរយៈពេល១ត្រីមាសដើមឆ្នាំ២០១៨នេះមានបន្លែ ផ្លែឈើប្រមាណជិត៣០០តោន ត្រូវបាននាំចូលពីប្រទេសវៀតណាមឆ្លងកាត់តាមច្រកទ្វារអន្តរជាតិភ្នំដិន ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។ បន្លែនិងផ្លែឈើនាំចូលទាំងអស់នោះភាគច្រើននាំចូលស្ពៃក្ដោប ប៉េងបោះ ខ្ទឹមស ជាដើម៕