ភ្នំពេញ ៖ ខណៈដែលប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើន ទាំងវិស័យយោធា វិស័យការទូត និងវិស័យពាណិជ្ជកម្មហើយនោះ ភាគីឥណ្ឌូនេស៊ី ក៏បញ្ជាក់ថានឹងសិក្សាលើគម្រោងហោះហើរត្រង់រវាងប្រទេសទាំងពីរតែម្តង ដើម្បីជម្រុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត នៅក្នុងជំនួបពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានបញ្ជាក់ពីគោលបំណងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលចង់អោយមានការហោះហើរត្រង់មកកាន់កម្ពុជាផ្ទាល់តែម្តង ដោយភាគីឥណ្ឌូនេស៊ី នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍Lion របស់ឥណ្ឌូណេស៊ី ដើម្បីជំរុញកិច្ចការនេះអោយបានឆាប់។
ការបង្ហាញពីជំហរលើការតភ្ជាប់វិស័យអាកាសចរណ៌ដូចនេះ ដោយសារប្រទេសឥណ្ឌូនេស៊ី មើលឃើញថា កម្ពុជាជាប្រទេសមានស្ថានភាពសេដ្ឋកិច្ចល្អ ដែលមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៧% ក្នុងរយៈពេលជាង២ទសវត្សមកហើយ ដែលជម្រុញអោយកម្ពុជា ក្លាយទៅជាប្រទេសមួយមានការរីកចម្រើន ជាប់ចំណាត់ថ្នាក់លេខ៦នៅលើពិភពលោក។ ពាក់ព័ន្ធនឹងកាហោះហើរត្រង់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រយ៉ាងខ្លាំង ដោយសម្តេចតេជោ ក៏ចង់អោយកិច្ចការនេះសម្រេចជារូបរាង អោយបានឆាប់ផងដែរ ព្រោះការហោះហើរត្រង់នេះនឹងលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
បើតាមការព្យាករណ៌ របស់មជ្ឈមណ្ឌលអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក ( CAPA) នៅឆ្នាំ២០១៨ នេះ កម្ពុជានឹងមានយន្តហោះកើនដល់ ៤៥ គ្រឿង ខណៈដែលនៅពេលបច្ចុប្បន្ន កម្ពុជា មានយន្តហោះជាង ៣០ គ្រឿង។ ក្រៅពីវិស័យអាកាសចរណ៌ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ស្នើសុំឲ្យភាគីឥណ្ឌូណេស៊ីមកពិនិត្យមើល ការវិនិយោគលើវិស័យកសិកម្ម ផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើឥណ្ឌូណេស៊ីមកបណ្តាក់ទុនលើវិស័យកសិកម្មនៅ កម្ពុជា ជាពិសេសលើវិស័យស្រូវអង្ករ គឺនឹងអាចធ្វើឲ្យតម្លៃអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ចុះថោកជាងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី គឺជាសមាជិកអាស៊ានដូចគ្នា ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុបប្រមាណ៤៥០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីឥណ្ឌូណេស៊ី មកកម្ពុជា មានជាង៤០០លានដុល្លារអាមេរិក។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចូលពីប្រទេសឥណ្ឌូណេស៊ីមកកាន់កម្ពុជា រួមមាន ថ្នាំជក់, ធ្យូងថ្ម, គ្រឿងបន្លាស់កង់ ម៉ូតូ និងរថយន្ត, ឱសថវេចខ្ចប់, ក្រណាត់, ក្រដាសធម្មតា, ទូទឹកកក, កញ្ចក់, សម្បកកង់កៅស៊ូ និងគ្រឿងស្បែក ។ ចំណែក ការនាំចេញពីប្រទេសកម្ពុជាទៅកាន់ឥណ្ឌូណេស៊ី មានដូចជា សម្លៀកបំពាក់, ស្បែកជើង, កំប៉ុងអាលុយមីញ៉ូម (Aluminum can), ថ្នាំជក់, ម៉ាស៊ីនដេរ, អង្ករ និងផលិតផលប្លាស្ទិក ជាដើម ៕