ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងមាំសម្រាប់រយៈពេលមធ្យមទៅមុខ ហើយតាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ នឹងអាចសម្រេចនៅក្នុងរង្វង់ ៧% និងអាច ឡើងដល់ ៧,១% នៅឆ្នាំ២០១៩។ ការសម្រេចបាននូវកំណើនដ៏រឹងមាំនេះដោយសារកត្តា៖ ទី១.ស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពប្រសើឡើងវិញតាមវដ្តនៃសេដ្ឋកិច្ច ក្នុងខណៈដែលអាស៊ីនៅតែជាមជ្ឈមណ្ឌលដឹកមុខកំណើនសេដ្ឋកិច្ចពិភពលោកដដែល។
ប្រការ នេះបានធ្វើឱ្យកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងអាស៊ី និងមានសេដ្ឋកិច្ចបើកចំហរខ្លាំង ទទួល បាននូវភាពអំណោយផលច្រើនក្នុងការជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែក្លាំងក្លា,ទី២.ការដាក់ចេញ និងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឱ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំស្រាប់ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត និង ទី៣.កត្តាស្ថេរភាពនយោ បាយនៅក្នុងប្រទេសនៅពេលជិតបោះឆ្នោត មិនត្រឹមតែបានជួយបង្កើននូវជំនឿទុកចិត្តមកលើ ស្ថានភាពនយោបាយនៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញសកម្មភាពសេដ្ឋកិច្ច គ្រប់ប្រភទេឱ្យកាន់តែមានសន្ទះខ្លាំងក្លាថែមទៀត។ នេះបើតាមការលើកឡើងរបស់ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុដែលបានធ្វើការវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨ និងឆ្នាំខាងមុខទៀត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើងដែរថា ក្នុងពេលកន្លងមកសកម្មភាព និង កំណើនសេដ្ឋកិច្ចតែងតែមានសភាពទ្រឹងខ្លះនៅរៀងរាល់ជិតការបោះឆ្នោតចូលមកដល់ តែផ្ទុយ ទៅវិញសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទនៅក្នុងឆ្នាំ២០១៨នេះ នៅតែមានដំណើរការជាធម្មតា និងកាន់តែមានភាពរឹងមាំ ពោលគឺមិនមានផលប៉ះពាល់អ្វីជាដុំកំភួនទេ ទោះបីនៅសល់ប្រមាណ តែ ៤ខែទៀតប៉ុណ្ណោះ នឹងត្រូវដល់ការបោះឆ្នោតក្តី។
ជាក់ស្តែងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ការនាំចេញនាំចូលទំនិញគ្រប់ប្រភេទនៅតែមានការកើនឡើងខ្លាំង និងមានទំហំធំជាងទំហំនៃ ផសស ជាលំដាប់, សកម្មភាពលក់ដូរ ទាំងលក់ដុំ និងលក់រាយនៅតែមានដំណើរការល្អប្រសើរ វិស័យទេសចរណ៍ក៏នៅមានសន្ទះល្អ ហើយការផ្ដល់ឥណទានដោយធនាគារដល់វិស័យឯកជន ក៏កាន់តែរឹងមាំដដែល។
ដោយឡែកវិស័យដីធ្លី និងអចលនទ្រព្យដែលជាសូចនាករដឹកមុខក្នុងការឆ្លុះបញ្ចាំងអំពីភាពជឿជាក់នៃសេដ្ឋកិច្ច ក៏កាន់តែមានសកម្មភាពទិញលក់ផុលផុសគគ្រឹក គគ្រេង ហើយតម្លៃវិញក៏កាន់តែឡើងជាលំដាប់។
ទន្ទឹមនឹងនេះអតិផរណានៅតែស្ថិតក្នុង កម្រិតទាប ក្នុងខណៈដែលអត្រាប្តូរប្រាក់នៅបន្តមានស្ថេរភាពយ៉ាងល្អ។ លើសពីនេះទៀត លំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស ដែលបានកត់ត្រានៅក្នុងជញ្ជីងទូទាត់ក៏មានសន្ទះ កំណើនល្អ ក្នុងរង្វង់ពី១៦% ទៅ ១៧% ក្នុងមួយឆ្នាំផងដែរ ពោលគឺក្នុងរង្វង់ ២៥០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងអាចឡើងដល់ប្រមាណ ៣០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ដោយឡែកទំហំទឹកប្រាក់នៃការផ្ញើលុយរបស់ពលករពីក្រៅប្រទេស ក៏កាន់តែមាន ទំហំធំ ពោលគឺក្នុងរង្វង់ ៥៦០ លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ និងប្រមាណជាង ៦០០ លាន ដុល្លារអាមេរិកនៅឆ្នាំក្រោយ។ ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមាន ក្នុងខណៈដែល ទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូលរហូតទៅដល់ ៦ខែកន្លះឯណោះ ធៀបនឹងរយៈកាល កន្លងទៅ ដែលទុនបម្រុងអន្តរជាតិរបស់យើង អាចទ្រទ្រង់ការនាំចូលបានត្រឹមតែប្រមាណជាង ៣ខែប៉ុណ្ណោះ៕