ភ្នំពេញ ៖ នៅក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ កាលពីថ្ងៃទី ២៨ មីនា ២០១៨នេះ លោក អ៊ីនហ្គោ ខាសស្តេន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងសន្និសីទថ្នាក់តំបន់ប្រចាំ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសា នៅខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។
លោកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានអោយដឹងថា កិច្ចប្រជុំដ៏ធំមួយនេះ គឺមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗ របស់អាល្លឺម៉ង់ ដូចនេះ វាជាឱកាសល្អមួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់ធុរជនអាល្លឺម៉ង់ជាច្រើនទៀតដែលមិនទាល់យល់ច្បាស់ពីកម្ពុជា ។ ជាពិសេសនោះ វាជាឱកាសដែលអនុញ្ញាតអោយរដ្ឋមន្ត្រី ពាណិជ្ជកម្មកម្ពុជា និង អាល្លឺម៉ង់ ជួបជជែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផងដែរ ។
ជាកិច្ចឆ្លើយតបទៅនឹងការអញ្ជើញ លោករដ្ឋមន្ត្រីក៏បានទទួលយកការអញ្ជើញនេះ ដោយឯកឧត្តមយល់ថាសន្និសីទនេះ មានសក្ដានុពលច្រើនក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។ លោកបន្តទៀតថា ប្រទេសអាល្លឺម៉ង់ជាប្រទេសឧស្សាហកម្មធំមួយក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ ដូចនេះនៅក្នុងសន្និសីទនេះ ឯកឧត្តមរំពឹងថានឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាពមួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី គ្រឿងបង្គុំរថយន្ត និងកង់រថយន្តជាដើម ៕
(អាល្លឺម៉ង់អញ្ញើញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ពុជា ចូលរួមកិច្ចប្រជុំធុរកិច្ចកំពូលនៅចុងឆ្នាំនេះ)