ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ ’សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្មនិងទស្សនវិស័យ”។ វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួម តំណាងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថាន ឧត្តមសិក្សា, វិស័យឯកជន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាច្រើននាក់។
លោក វង្សី វិស្សុត មានប្រសាសន៍ថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈនេះ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មានដល់តួអង្គពាក់ព័ន្ធទាំងអស់បានជ្រាប និងស្វែងយល់អំពី ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ពិសេសការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងសមិទ្ធកម្មខាងផ្នែក សេដ្ឋកិច្ចសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាសម្រេចបាននៅក្នុងរយៈកាលកន្លងមកក៏ដូចជាទស្សនវិស័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិទៅថ្ងៃមុខ ក្នុងនីតិកាលបន្ទាប់ទៀត ដើម្បីធានាបាននូវភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ទាំងក្របខ័ណ្ឌតំបន់ និងពិភពលោក ក៏ដូចជាការពង្រឹងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ហើយទ្រទ្រង់កំណើននេះឱ្យកាន់តែរឹងមាំ រួចធ្វើការបែងចែកផ្លែផ្កានៃកំណើននេះមកវិញ ឱ្យកាន់តែប្រសើរឡើង, កាន់តែមានសមធម៌ និងកាន់តែមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីធ្វើពួកគាត់កាន់តែមាន ជីវភាពធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងគោលដៅឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត មានប្រសាសន៍ថា ជារួម កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាព រឹងមាំសម្រាប់រយៈពេលមធ្យមទៅមុខ ហើយថាប្រជាពលរដ្ឋកម្ពុជាទទួលបាននូវផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចជាងពីរទសវត្សមកនេះគ្រប់ៗគ្នា តាមរយៈឱកាសទទួលបាននូវប្រាក់ចំណូល ការងារធ្វើ,ការកាត់បន្ថយភាពក្រីក្រ និងសេវាសាធារណៈគ្រប់ប្រភេទពីរដ្ឋ រួមទាំងសេវាខាងផ្នែកសង្គមផ្សេងៗ ព្រមទាំងកាន់តែធ្វើឱ្យវិសមភាពនៅក្នុងសង្គមកាន់តែរួមតូចផងដែរ។
ក៏ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាសព្វថ្ងៃនេះ នឹងមិនអាចទ្រទ្រង់នូវការ សម្រេចបានកំណើនក្នុងរង្វង់៧% នៅក្នុងរយៈពេលពី ៥ឆ្នាំ ទៅ១០ឆ្នាំ ខាងមុខទៀតបាននោះទេ ប្រើសិនយើងមិនមានការគិតគូរអំពីការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីកសាងមូលដ្ឋានមួយ ដែលទ្រទ្រង់ដល់ការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ។ លោកបានគូសបញ្ជាក់ថា ជារួម ក្រៅពីការ សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានខិតខំសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ជូនដល់ប្រទេសជាតិ និងប្រជាជន។
ក្នុងនោះរាជរដ្ឋាភិបាលក៏បានគិតគូរ និងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាច្រើនស្ទើរគ្រប់វិស័យសម្រាប់ជាចក្ខុវិស័យ និងតម្រង់ទិសការអភិវឌ្ឍប្រទេសទៅថ្ងៃមុខ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាជាបន្តទៀត៕