ក្រចេះ ៖ មេឈ្មួញរកស៊ីដឹកឈើដុះស្លែម្នាក់ឈ្មោះ ពៅ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ សមត្ថកិច្ចជំនាញហាក់ដូចជារអារក្នុងកាបង្ក្រាមេឈ្មួញរូបនេះ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា មេឈ្មួញរកស៊ីដឹកឈើខុសច្បាប់ឈ្មោះ ពៅ នេះ តែងតែដឹកឈើយ៉ាងអនាធិបតេយ្យនៅខេត្តក្រចេះយ៉ាងសកម្ម។ មេឈ្មួញឈ្មោះ ពៅ នេះ ត្រូវបានគេស្គាល់ជាមន្ត្រីនគរបាលនៅខេត្តត្បូងឃ្មុំ ហើយដោយសារឥទ្ធិពលនគរបាលទើបធ្វើឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តក្រចេះ ពុំហ៊ានលូកដៃបង្ក្រាបនោះទេ ។
ប្រភពដដែលបានបន្តថា នៅក្នុងជំនួញឈើខុសច្បាប់របស់មន្ត្រីនគរបាលរូបនេះ គឺគេមានដៃគូម្នាក់ទៀត”ជាអ្នកសារព័ត៌មានប្រចាំខេត្តក្រចេះ ។ អ្នកទាំងពីរ បានយកគ្នាជាដៃគូក្នុងការប្រកបរបរកស៊ីដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តសាំយ៉ុងជិត១០គ្រឿ និងបានធ្វើចរាចរណ៍ឈើស្ទើររាល់យប់ ដោយមិនឈឺក្បាលហាលថ្ងៃពីទង្វើខុសច្បាប់ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលហាឃាត់នោះឡើយ។
ប្រភពបានបន្តទៀតថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទាំងអស់នេះត្រូវបានឈ្មួញប្រមូលទិញពីខេត្តស្ទឹងត្រែង រួចដឹកជញ្ជូនឆ្លងកាត់ខេត្តក្រចេះ និងបន្តទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងដោយរលូនដោយមានការឃុបឃិតពីមន្ត្រីជំនាញព្រៃឈើក្រចេះមួយចំនួន រួមនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តជួយសម្រួលបើកផ្លូវផងដែរ។
សូមបញ្ជាក់ថា កាលពីពេលរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មានក្បួនរថយន្តរបស់មេឈ្មួញឈ្មោះ ពៅ នេះ បានធ្វើចរាចរណ៏ដឹកឈើខុសច្បាប់តាមរថយន្តសាំយ៉ុងមានចំនួនជិត១០គ្រឿងយ៉ាងរលូនលើដងផ្លូវជាតិលេខ៧។
ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ពេលធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសម្តងៗ គឺឈ្មោះ”ពៅ បានជិះឡានរត់ការបង់លុយឲ្យសមត្ថកិច្ចជាមុន ឲ្យក្រុមមន្ត្រីជំនាញដែលនៅអង្គុយចាំរាប់ក្បាលរថយន្តយកលុយដាក់ក្នុងហោប៉ៅជាថ្នូរទៅនិងការបើកផ្លូវឲ្យឈ្មោះ ពៅ ដឹកជញ្ជូនឈើល្មើសច្បាប់តាមអំពើចិត្ត។
ទាក់ទិននឹងបញ្ហាខាងលើនេះ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ ប្រចាំខេត្តក្រចេះ មិនទាន់សុំការបំភ្លឺពីមន្ត្រីពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ស្តីពីការជួញដូរល្មើសច្បាប់របស់មន្ត្រីនគរបាលឈ្មោះ ពៅ បាននៅឡើយទេ។ ចំណែកលោក អ៊ឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោកបានប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះទេ៕