អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ធ្ងន់​លើ​ជន​បំផ្លាញ​វត្ថុ​បុរាណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជុំ​រុញអោយ​សមត្ថកិច្ច ខេត្ដ​សៀមរាប អោយ​ដាក់ទោស​លើ​អ្នក​លួច​ដាប់ថ្ម​លិង្គព្រះឥសូរ នៅ​បាត​ទឹកស្ទឹង​លើក​ភ្នំ​គូ​លេន បន្ទាប់ពី​ចាប់ខ្លួនបាន​ជនសង្ស័យ​ពីរ​នាក់​កាលពី​ម្សិលមិញ​។​

ប្រធាន​យក​ដ្ឋា​ន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល អោយដឹង​នៅថ្ងៃនេះ​ថា កាលពី​ម្សិលមិញ សមត្ថកិច្ច​ខេត្ដ​សៀមរាប បាន​ឃាត់ខ្លួន បុរស​ពីរ​នាក់ បន្ទាប់ពី​លួច​ដាប់ថ្ម​លឹ​ង្គ​ព្រះ​ឥសូរ​នៅ​បាត​ស្ទឹង​លឹ​ង្គ​មួយ​ពាន់ នៅលើ​ភ្នំ​គូ​លេន កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​នេះ​។​លោក​បាន​បន្ដថា លឹ​ង្គ​ព្រះ​ឥ​សួរ​នោះ​ធ្វើ​ពី​ថ្ម​ភូ​ក​ចំនួន​៦ ប៉ុន្ដែ​ជនសង្ស័យ​នោះ បាន​ដាប់​យកចេញ​ពី​កន្លែង​ចំនួន​៣​ដុំ ខណៈ​បី​ដុំ​ទៀត​ទុក​នៅ​កន្លែង​។​

លោក​បន្ដថា ថ្ម​លិង្គព្រះឥសូរ​ដែល​ពួកគេ​លួច​ដាប់​បាន​បាត់​ខ្ចាត់ខ្ចាយ មិនអាច​ផ្គុំ​ដូចដើម​បាន​នោះទេ​ព្រោះ​វា​ជា​កំទេចកំទី ដែល​ជនសង្ស័យ​យកទៅ​បោះចោល​អស់​។​

ស្នងការ​នគ​បាល​ខេត្ដ​សៀមរាប​លោក ទិ​ត្យ ណា​រ៉ុង មានប្រសាសន៍ថា ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ នឹង​បញ្ជូនទៅ​តុលាការ ដោយ​ថា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សេចក្ដី​ជួន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា អោយដឹងថា កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​នេះ លិង្គព្រះឥសូរ​ធ្វើ​ពី​ថ្ម​ភួ​ក​ចំនួន​៦ នៅ​បាត​ស្ទឹង​លឹ​ង្គ​មួយ​ពាន់​លើ​ភ្នំ​គូ​លេន ត្រូវបាន​គេ​លួច​ដាប់​យកចេញ​ចំនួន​៣ និង​៣​ទៀត​មិនទាន់​ដាច់ចេញពី​ជើង​ទម្រ​។​

​លិខិត​បាន​លើកឡើងថា ករណីនេះ ជា​ចេតនា​បំផ្លិចបំផ្លាញ​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ ដោយ​ថា សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើកលែង​៕