ខេត្តក្រចេះ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ាវ ហមផាន បានថ្លែងដោយជម្រុញឱ្យ នគរបាលវរការពារព្រំដែន ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចការពារសន្តិសុខតាមខ្សែរក្រវ៉ាត់ព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមានសន្តិភាព។
ការមានប្រសាសន៍លើកឡើងបែបនេះរបស់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិកាក្រសួងមហា ផ្ទៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែ មីនា នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ នាយ,នាយ រង ព្រមទាំងមន្ត្រីនគរបាលទាំងអស់ នៃវរការពារព្រំដែនគោកលេខ៦១៩ ចំណុះឱ្យស្នងការដ្ឋាននគរ បាល ខេត្តក្រចេះ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
ក្រៅពីការមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមួយចំនួនធំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួសួងមហាផ្ទៃប្រគល់ ជូនដល់នគរបាលវរៈ ការពារព្រំដែន។ ឯកឧត្តម ប៉ាវ ហមផាន បានសម្តែងនូវការកោតសសើរនិងលើកទឹកចិត្តដល់កម្លាំងនគរបាលវរការពារព្រំដែន ដែលកន្លង មកមានការយកចិត្តទុកដាក់ និងភារកិច្ចការងារបានសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាបានល្អនូវ សន្តិសុខតាមខ្សែរបន្ទាត់ព្រំដែន។ បន្ថែមពី លើនេះ ឯកឧត្តមបាន ជម្រុញឱ្យនគរបាលខិតខំបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋដែលរស់តាម ខ្សែបន្ទាត់ព្រំដែននិងការរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព ពង្រឹងវិន័យ និងក្រមសីលធម៌។
បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ប៊ិត សាវ៉ាង ស្នងការរងទទួលកិច្ចការងារព្រំដែនបានឱ្យដឹងថា ព្រំដែនប្រទេសកម្ពុជាខេត្តក្រចេះមានព្រំដែនជាប់និងប្រទេសវៀតណាមចំងាយ៧៤ គីឡូ៥០០មែត្រ។ ចំណែកឯសភាពការព្រំដែនសម្រាប់ខេត្តក្រចេះនិងខេត្តប៊ិញភឿក ប្រទេស វៀត ណាម ក៏មិនធ្លាប់កើតមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ។
ដោយ ឡែកចំពោះបង្គោលខណ្ឌសីម៉ាព្រំដែន កសាងដោយក្រុមបច្ចេកទេសព្រំដែនថ្នាក់ជាតិ អនុវត្ត សាងសង់បាន១២បង្គោល និងបង្គោលខណ្ឌសីម៉ាព្រំដែនតូចៗ ដែលកំណត់បន្ថែមដោយ ទ្វេភាគីថ្នាក់ជាតិ បានចំនួន១៣០បង្គោល ៕