ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល រួមនិងគណៈប្រតិភូកម្ពុជា បានធ្វើដំណើរដល់ប្រទេសវៀតណាមហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសំខាន់ចំនួនពីរ គឺកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១០។
បន្ទាប់ពីធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០ ខែមីនា ឆ្នាំ២០១៨នេះ យន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់ បានចុះចតដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ ក្នុងទីក្រុងហាណូយប្រទេសវៀតណាម នៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃដដែលនេះ ដោយមានវត្តមានរង់ចាំទទួលដំណើរ ពីសំណាកមន្ត្រីជាន់ខ្ពស់ នៃប្រទេសវៀតណាម និងឥស្សរជនការទូតនៃប្រទេសកម្ពុជា ជាច្រើនរូប។
ចំណែក មន្ត្រីជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងដំណើរទស្សនកិច្ចនេះ រួមមាន លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍! លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។ តាមការបញ្ជាក់របស់ លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអោយដឹងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាមពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែល កិច្ចប្រជុំទាំងពីរនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា។
កិច្ចប្រជុំកំពូលទាំងពីរនេះ គឺជាការបង្ហាញនូវការប្តេជ្ញារួមកម្លាំងគ្នា រវាងប្រទេសក្នុងតំបន់ដើម្បីឈានទៅដាក់ឲ្យដំណើរការយ៉ាងឆាប់រហ័ស និងប្រកបដោយជោគជ័យ នូវបណ្តាគម្រោងវិស័យអាទិភាព និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានព្រមព្រៀងគ្នា អោយប្រែក្លាយវាឲ្យទៅជាការពិត និងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសមហាអនុតំបន់មេគង្គ ស្របតាមគោលដៅចុងក្រោយ នៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។
សូមបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
ចំណែក កិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាមួយ រួមនិងការអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០ ៕