ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធី មហោស្រពអប់រំ និងវប្បធម៌ យុវជន អន្តរជាតិ ជាលើកទី២ ដែលមានការចូលរួមពីយុវជន មកពីបណ្តារប្រទេសក្នុងតំបន់ និងពិភពលោកប្រមាណជា៣០ប្រទេស នៅខេត្តសៀមរាប ស្របពេល ដែលកម្ពុជារៀបចំអង្គរសង្ក្រានដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅនៅពេលដ៏ខ្លីខាងមុខនេះ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីជួបសំណេះសំណាល ជាមួយ គណៈប្រតិភូយុវជនកម្ពុជា និង យុវជនស្ម័គ្រចិត្ត នៃកម្មវិធីមហោស្រពអប់រំ និងវប្បធម៌ យុវជនអន្តរជាតិ ឆ្នាំ២០១៨(IYECF 2018)មុនពេលចេញដំណើរទៅកាន់ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ខែមីនានេះថា “ ការផ្តួចផ្តើមឱ្យមានមហោស្រពអប់រំ និងវប្បធម៌យុវជនអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព និងការអភិវឌ្ឍន៍» នេះឡើង ដោយផ្តោតទៅលើការអំពាវនាវ ឱ្យយុវជនអន្តរជាតិ ដែលមកពីបណ្តារប្រទេសនិមួយៗ ចែករំលែកនូវវប្បធម៌ ខុសគ្នានៃប្រទេសទាំងនោះ ដល់គ្នាទៅវិញទៅមក ហើយក៏ជាការជម្រុញឱ្យយុវជន ចូលរួមការពារសុខសន្តិភាព សម្រាប់មនុស្សជាតិ ដែលរស់នៅលើពិភពលោកយើងនេះដែរ“។
លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ជម្រាបជូន អំពី គោលបំណងចម្បងនៃមហោស្រពដ៏មានសារសំខាន់មួយនេះថា គឺឱ្យយុវជន បានយល់ពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍន៍ព្រោះថាយុវជនមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមផ្សះផ្សារ បំបាត់អំពើហិង្សា ឬ ភាពមិនចុះសម្រុងគ្នា ការប៉ះទង្គិចគ្នា រវាង វប្បធម៌ សាសនា ដែលកើតឡើងរវាងប្រទេសនិងប្រទេស ដូចជា នៅមជ្ឈឹមបូពាហ៍ អាហ្កានីស្ថាន និងប្រទេសស៊ីរីជាដើម”។
យ៉ាងណាលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា តាមរយៈការអប់រំពិតជាសំខាន់ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅក្នុងពិភពលោក និងធ្វើឱ្យមនុស្សមានការទទួលយកនូវភាពចុះសម្រុងគ្នា ដែលអាចរស់នៅលើភពផែនដីជាមួយគ្នាបាន។
តាមរយៈមហោស្រពអប់រំនេះដែរ លោកមានសុទិដ្ឋិនិយមថា យុវជនទាំងអស់ ចេះយោគយល់គ្នា ចេះស្គាល់គ្នា ប្រាស្រ័យទាក់ទងគ្នាបានល្អ ផ្តល់បទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេស ពិសេស រួមគ្នាការពារសុខសន្តិភាពរបស់មនុស្សជាតិ ហើយពិសេសទៅទៀតនោះ គឺបានយល់ពីវប្បធម៌ ទំនាមទំលាប់ ប្រពៃណីខ្មែរ តាមរយៈការបង្ហាញនូវផ្ទាំងទស្សនីយភាព ក្នុងកម្មវិធីអង្គសង្ក្រាននៅខេត្តសៀមរាប និងការទៅទស្សនាផ្ទាល់ ប្រាង្គប្រាសាទអង្គរនានា និងកន្លែងចំលាក់ ក្នុងខេត្តសៀមរាប៕