ភ្នំពេញ ៖ កិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១០ ស្តីពីការអភិវឌ្បតំបន់ត្រីកោណ បានចេញសេចក្តីថ្លែងការណ៌រួមគ្នាមួយ ដែលជំរុញបន្ថែមទៀតក្នុងការអភិវឌ្ឍខេត្តតាមព្រំដែននៅតំបន់ត្រីកោណរវាងប្រទេសទាំង៣។
កិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV លើកទី១០ ស្តីពីការអភិវឌ្បតំបន់ត្រីកោណ ដែលប្រារព្ធធ្វើ នារសៀលថ្ងៃទី៣១ ខែមីនា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានសម្រេចចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយមេដឹកនាំនៃប្រទេសទាំងបី គឺ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា! និងលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ធ្វើអោយមានរីកចម្រើនលឿនបំផុតនៅក្នុងអនុតំបន់ និងសមិទ្ធិផលដ៏សំខាន់ដែលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ប៉ុន្តែទោះបីយ៉ាងណា ប្រទេសទាំងបី នៅតែប្រឈម នឹងបញ្ហាគួរឲ្យកត់សម្គាល់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ មេដឹកនាំ CLV បានអះអាងរួមគ្នា នូវការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទូលំទូលាយ រវាងប្រទេសទាំងបី និងកសាងសមាហរណកម្ម ក្នុងប្រទេស CLV ដែលជាផ្នែកមួយមិនអាចខ្វះបាន ក្នុងចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ2025។ ដើម្បីសម្រេចបានចក្ខុវិស័យនោះ មេដឹកនាំ CLV បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍខេត្តតាមព្រំដែននៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងចំណោមប្រទេស CLV ទៅនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។ ក្នុងចំណុចនេះ មេដឹកនាំទាំងអស់ ក៏បានបញ្ជាក់ឡើងវិញ នូវសារៈសំខាន់ នៃការធានាសន្តិសុខសុវត្ថិភាព និងស្ថេរភាព បរិស្ថានសម្រាប់វិនិយោគិន ធុរជន និងប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរខុសច្បាប់ រួមទាំងការជួញដូរព្រៃឈើ គ្រឿងញៀន ការជួញដូរមនុស្ស អំពើភេរវកម្ម និងបន្តការបោសសម្អាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
មេដឹកនាំទាំងអស់ បានប្ដេជ្ញាធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការរៀបចំពិសេស និងគោលនយោបាយអនុគ្រោះ និងកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនេះ ប្រមុខមេដឹកនាំនៃប្រទេសទាំងបី ក៏បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាតំបន់ដែលព្រំដែនជាប់គ្នា នៃខេត្តចំនួន១៣ រួមមាន ខេត្តចំនួន៤ របស់កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ។ ខេត្តចំនួន៤ របស់ឡាវ គឺខេត្តអាតាពឺ ខេត្តសាឡាវ៉ាន់ ខេត្តសេកុង និងខេត្តចំប៉ាសាក់។ ចំណែកប្រទេសវៀតណាម មាន៥ខេត្ត គឺខេត្តកុនទុម ខេត្តហ្កាឡាយ ខេត្តដាកឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក៕