ភ្នំពេញ ៖ ដើម្បីជាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស អ៊ិនធីធីអាយ (N.T.T.I) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីសង្រា្កនឆ្នាំថ្មីដើម្បីធ្វើការតាំងពិព័រណ៌បង្ហាញសមិទ្ធផល និងស្នាដៃ ច្នៃប្រឌិត របស់និស្សិតបច្ចេកវិទ្យាតាមជំនាញ បច្ចេកទេសផង ហើយក៏ដើម្បីបង្កើនទំនាក់ទំនងរវាងគ្រូនិងសិស្ស រវាងសិស្សនិងសិស្ស និងបំផុសឱ្យយុវជនរួមគ្នាការពារសម្បត្តិវប្បធម៌ឱ្យគង់វង់យូរអង្វែង។
នៅក្រោយពិធីសង្ក្រានកាលពីរសៀលថ្ងៃទី៣១ខែមីនា នេះ ឯកឧត្តម យ៉ោក សុធី នាយកវិទ្យា ស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា “កម្មវិធីរៀបចំឡើងនេះ គឺចង់ឲ្យប្អូនៗសិស្ស និងគរុនិស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានទាំងអស់ឱ្យចេះរៀបចំកម្មវិធីដោយខ្លួនឯង ចេះបង្កើតភាពច្នៃប្រឌិតនិងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្ហាញពីសម្ព័ន្ធភាពនៃប្រពៃណីដ៏ផូផង់ក្នុងសង្គមខ្មែរជាពិសេសបំផុសស្មារតី យុវជន ឱ្យរួមគ្នាការពារ វប្បធម៌ និងប្រពៃណីរបស់ដូនតាយើងបានបន្សល់ទុកឱ្យបានគង់វង្សទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះ លោកនាយកបានអំពាវនាវទៅដល់យុវជនឱ្យរួមសាមគ្គីគ្នា និងរួមដៃគ្នាឡើង បង្កើតនូវកម្មវិធី ឬ បង្ហាញពីសមិទ្ធិផលច្នៃប្រឌិតរបស់ខ្លួន សម្រាប់មនុស្សជំនាន់ក្រោយៗឲ្យបន្តថែរក្សានូវវប្បធម៌ ប្រពៃណីជាតិ ដែលដូនតាបង្កើតមក ហើយអ្វីដែលសំខាន់ជាងនេះទៀត ប្រសិនបើប្រទេសគ្មានសន្តិភាពទេ នោះក៏មិនអាចមានកម្មវិធីនានាកើតឡើងបានដែរ។
ដោយឡែក លោក រៀល សនវិច្ឆិកា និងកញា ផៅ មួយលីស ដែលជាគរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្នុងចំណោមអ្នកចូលរួមជាច្រើនផ្សេងទៀត បានសម្តែងក្តីរីករាយនិងសាទរចំពោះកម្មវិធីដែលមាននាពេលនេះ និងបានសំណូមពរគ្រឹះស្ថានសិក្សា និងសាលានានានៅទូទាំងប្រទេស គួររៀបចំឲ្យមានកម្មវិធីសង្ក្រាននេះឡើងដើម្បីជាការអបអរសាទរបុណ្យជាតិផងនិងបង្កើនការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែល្អប្រសើរផង ពិសេសរក្សាកេរ្តិ៍ដំណែលរបស់ដូនតាយើងផង។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ន វិទ្យាស្ថាននេះ បាននឹងកំពុងបន្តនូវបេសកកម្ម ដើម្បីឆ្លើយតបទៅនឹងមុំមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយរួមចំណែកបង្កើននូវធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌៕