នាយករដ្ឋមន្ត្រី​ផ្តល់​ការធ្វើដំណើរ​តាម​រថយន្តក្រុង​ទៅតាម​ខេត្ត​មិន​គិតថ្លៃ​ពេល​បុណ្យចូលឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​ផ្តល់​ការធ្វើដំណើរ​តាម​រថយន្តក្រុង​មិន​គិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ ពី​រាជធានី​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ផ្តល់​កាដូ​ចំនួន​២ សម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មិន​គិតថ្លៃ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន រួម​និង​ការផ្តល់ប្រាក់​បន្ថែម​ជូន​មន្ត្រីរាជការ ក្នុង​ឳ​កាស បុណ្យចូលឆ្នាំ​ខ្មែរ ក្នុង​ខែមេសា​នេះ​។

នៅក្នុង​ជំនួប​សំណេះសំណាល​លើក​ទី​២ ជាមួយ​គ្រូបង្រៀន មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ​ជាង​៣​ពាន់​៤​រយ​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែមេសា​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ចាប់ពី​ថ្ងៃទី​១២ ខែមេសា ដល់​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ជិះ​រថយន្តក្រុង​ដោយ​មិនចាំបាច់​បង់លុយ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​តាម​ផ្លូវជាតិ​លេខ​៥ ដូចជា ទៅកាន់​ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ​! ដូចគ្នានេះ ការ​ជិះ​រថយន្តក្រុង​មិន​បង់ថ្លៃ​នេះ ក៏​ផ្តល់ជូន​សម្រាប់​ការធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​ផងដែរ គឺ​ពី​ភ្នំពេញ ទៅកាន់ កណ្តាល ព្រៃវែង ស្វាយរៀង ជាដើម ។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង ចំនួន​៦០ គ្រឿង​រួចហើយ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​បង់ថ្លៃ​នេះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។ បន្ថែម​ពីនេះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ បានប្រកាស​ដែរ​ថា ក្នុង​ខែមេសា​នេះ លោកគ្រូ​អ្នកគ្រូ ក៏ដូចជា មន្ត្រីរាជការ នឹង​ទទួលបាន​ការដំឡើង​ប្រាក់ខែ​ម្តងទៀត ដែល​នឹងត្រូវ​បើក​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​បន្ថែម​ពី​នោះ ក៏មាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ទៀត​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែ​ផងដែរ​។

សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​គោលការណ៍ ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​២​ដង​ក្នុង​១​ឆ្នាំ ដោយ​ការដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា គឺជា​ការដំឡើង អត្រាកំណើន​១២% នៃ ប្រាក់បៀវត្ស​គោល និង​ការដំឡើង​លើក​ទី​២ នៅក្នុង​ខែមេសា មុន​ចូលឆ្នាំ​ខ្មែរ ដែលជា​ការដំឡើង​ប្រាក់ បំណាច់​មុខងារ​៕