ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមេសា នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងជាថ្មី សម្រាប់ការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៌លក់ប្រេងនីមួយៗក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃ១១ ខែមេសាឆ្នាំ២០១៨។ ក្នុងនោះប្រេងសាំងធម្មតា ត្រូវបានកំណត់តម្លៃលក់មិនអោយលើស ៣៩៥០រៀលក្នុងមួយលីត្រ! និងប្រេងម៉ាស៊ូត ត្រូវលក់មិនអោយលើសតម្លៃ៣៧៥០រៀលក្នុង១លីត្រ។ ចំណែក តម្លៃលក់រាយប្រេងសាំងស៊ុបពែរ ដែលមិនត្រូវបានគណនាកំណត់តម្លៃលក់រាយ ក្នុងតារាងកំណត់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ គឺមានតម្លៃលក់ចន្លោះ៤២០០រៀល ទៅ៤២៥០រៀល ក្នុងមួយលីត្រ នៅតាមស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗ។ ចំណែកតម្លៃលក់ប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៌លក់ប្រេង រឺដេប៉ូតូចៗ អាចមានតម្លៃក្រោមនេះបន្តិចបន្តួច។
ទោះជាយ៉ាងណា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមបណ្តាស្ថានីយ៌ប្រេងទូទៅ ត្រូវបានកត់សំគាល់ថា មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក ដែលនៅពេលនោះតម្លៃប្រេងសាំងធម្មតា មានតម្លៃប្រមាណ៣៧០០ក្នុងមួយលីត្រ ប្រេងម៉ាស៊ូតតម្លៃប្រមាណ៣៤០០រៀលក្នុងមួយលីត្រ និងប្រេងសាំងស៊ុបពែរ មានតម្លៃប្រមាណ៣៩០០រៀលតែប៉ុណ្ណោះក្នុងមួយលីត្រ។
សូមបញ្ជាក់ថា ការកំណត់តម្លៃលក់ប្រេងឥន្ធនៈ មិនឲ្យលើសពីតម្លៃក្នុងតារាងកំណត់ សម្រាប់រយៈពេល១០ថ្ងៃម្តងនេះ គឺផ្អែកទៅលើការសម្រួលរូបមន្តកំណត់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជារបស់អន្តរក្រសួង ចំនួនបី គឺក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងក្រសួងធនធានរ៉ែនិងថាមពល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក៕