ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយថ្នាក់ជាតិលើវិស័យដំឡូងមី ជាលទ្ធផលឃើញថា មានការចាប់អារម្មណ៍ជាច្រើនលើវិស័យលើវិស័យដ៏សំខាន់មួយនេះ ជាក់ស្ដែងក្រុមហ៊ុន Green Leader បានសម្រេចបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមីមួយកន្លែងនៅកម្ពុជា ហើយកាលពីរសៀលថ្ងៃទី០២ មេសា ២០១៨ ក្រុមហ៊ុនGreen Leader និង អង្គការ UNDP បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់មួយ សម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់ការអភិវឌ្ឍនិរន្តរភាពនៃវិស័យមួយនេះ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាសាក្សីសំខាន់ ក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញគោលនយោបាយថ្នាក់ជាតិនៃវិស័យដំឡូងមី ដើម្បីស្ដារវិស័យនេះ បានល្អប្រសើរ ។ ហើយជាលទ្ធផល នៅថ្ងៃនេះក្រុមហ៊ុនដ៏ធំដែលបានចុះបញ្ជី នៅទីក្រុងហុងកុង ក៏បានសម្រេចមកបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមីសម្រាប់នាំចេញ ទៅទីផ្សារអន្តរជាតិ ។
លោក បន្តថា ផលិតផលដំឡូងមី ជាផលិតដ៏សំខាន់ណាស់សម្រាប់កែច្នៃទៅផលិតផលផ្សេងៗ ក្រៅពីបរិភោគ ដូចជាកែច្នៃជាសំបកថ្នាំពេទ្យ ជាអេតាណុល សម្រាប់ប្រើក្នុងឥន្ធនៈ និងកែច្នៃជាផលិតផលជាច្រើនទៀត ។ ដូចនេះ នៅពេលដែលរោងចក្រត្រូវសាងសង់រួច វិស័យដំឡូងមី នឹងមានទីផ្សារកាន់តែច្រើន ហើយពេលនោះ ពលរដ្ឋក្នុងតំបន់ដែលមានសក្ដានុពលលើវិស័យដំឡូងមី នឹងទទួលបានអត្ថប្រយោជន៍មុនគេ ។
លោក ត្សេ មីឈែល ណាំ ( Tse Mi Chael Nam ) នាយកប្រតិបត្តិក្រុមហ៊ុន Green Leader បានអោយដឹងថា ក្រុមហ៊ុនមានគម្រោងវិនិយោគទឹកប្រាក់ប្រមាណ២០០ទៅ៣០០លានដុល្លារអាមេរិក ហើយនៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត រោងចក្រដែលបានបុកគ្រឹះម្សិលមិញ នឹងដំណើរការកែច្នៃ ផលិតផលនានាចេញពីផលិតផលដំឡូងមី ។
លោកបន្តថា លោកជឿជាក់ថា ការចុះអនុស្សរណៈយោគយល់នេះ ភាគចុះអនុស្សរណៈ អាចអភិវឌ្ឍន៍ឧស្សាហកម្មដំឡូងមីបានពេញលេញ និងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងខ្សែបណ្ដាញតែមួយជាមួយកម្មវិធីអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលដូចទៅនឹងកម្មវិធីគាំទ្រគំនិតផ្តួចផ្ដើមវិថីមួយខ្សែមួយរបស់ប្រទេសចិនផងដែរ ។
លោក Nick Beresford នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នេះជាសញ្ញាមួយដ៏ល្អនៅក្នុងវិស័យដំឡូងមីកម្ពុជា ។ តាមរយៈអនុស្សរណៈនេះ កម្ពុជានឹងទទួលបាននូវការវិនិយោគបន្ថែមទៀតពីបរទេសទៅវិស័យកសិកម្ម ហើយវាជាសញ្ញាមួយដ៏ល្អផងដែរ សម្រាប់ជួយដល់កសិករកម្ពុជា រកប្រាក់ចំណូលបន្ថែមពីវិស័យដំឡូងមី ។
គួរបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងមី ដែលក្រុមហ៊ុន Green Leader បានសាងសង់សម្រាប់កែច្នៃផលិតផលដំឡូងមីមុននាំចេញ គឺស្ថិតនៅទឹកដីខេត្តក្រចេះ ដូចនេះពលរដ្ឋនៅក្នុងខេត្តចេះ និងខេត្តជិតៗនឹងអាចទទួលបានប្រយោជន៍មុនគេ ហើយជំហ៊ានបន្ទាប់នឹងមានរោងចក្រកែច្នៃបន្ថែមទៀតណៅតំបន់សក្ដានុពល ដំឡូងមី ៕
(កសិករលើកដំឡូងមីដាក់រថយន្តនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦)