គ្រោះថ្នាក់​ចរាចរណ៍​៣​ខែ​ដើម​ឆ្នាំនេះ ស្លាប់​៤៨០​នាក់ និង​របួស​១.២៣៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2018 ក+ ក-


​ភ្នំពេញ ៖ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​ប្រមាណ​តែ​១៧ % ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​។​

​របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ខែមករា​ដល់ ខែមីនា ឆ្នាំ​២០១៨ នេះ គ្រោះ ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន​៨១៩​លើក ថយចុះ​១៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​រហូត​ទៅ ដល់ ៩៨៩​លើក​។​

​ក្នុង​ចំនួន​៨១៩​លើក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ចំនួន​៤៨០​នាក់ ថយចុះ​ចំនួន​២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧ ដែល​អ្នក​ស្លាប់មាន រហូត​ទៅដល់​៤៩២​នាក់​។​

​ដោយឡែក ចំពោះ​អ្នករបួស​វិញ មាន​ចំនួន​១.២៣៤​នាក់ ថយចុះ​ចំនួន​១៦% បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ មាន​រហូត​ទៅដល់ ១.៤៦៨​នាក់​។​

​សូមជម្រាបថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា រយៈពេល ពេញ​១​ឆ្នាំ ២០១៧ បាន​កើតឡើង​ចំនួន ៣.៥៣១​លើក ហើយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ មានការ​ថយចុះ​ចំនួន ១៦៩ ករណី បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១.៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន ៥.៥៣៩​នាក់ ថយចុះ​ចំនួន​១.០៦៨​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦៕​