ភ្នំពេញ ៖ មនុស្ស៤នាក់នៅព្រលប់ថ្ងៃទី៣ ខែមេសា នេះ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារ ក្នុងនោះមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ពីបទឃាតកម្ម។ចំណែកមនុស្ស២នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទលាក់បាំងតម្រុយក្នុងអង្គហេតុតែមួយ។
សូមជម្រាបថា បន្ទាប់ពីសួរចម្លើយលើកទីពីរអស់ពេលជាច្រើនម៉ោង ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងមរណភាពរបស់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ នៅក្រុងដូនកែវ ខេត្តតាកែវ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ។
លោក លី សុផាណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថា អយ្យការបានសម្រេច បើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់លើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
លោកបន្តថា ជនត្រូវចោទទាំង៤នាក់ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនរួមមានទី១ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣ ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ ឡាយ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទ ឃាតកម្ម ប្រព្រឹត្តនៅផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថាៈ មាត្រា១៩៩ ៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្ស ដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយ ដូចបានកំណត់ ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
តាមមាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាម នៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណង ធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។
គួរជម្រាបជូនផងដែរថា ភរិយារបស់លោក ឡាយ វណ្ណៈ គឺអ្នកស្រី ស៊ូ សុជាតា ដែលជាព្រះរាជអាជ្ញារងខេត្តកណ្តាល និង លោក ស៊ូ ភារិន្ទ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាឪពុកក្មេកលោកលោក ឡាយ វណ្ណៈ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ៕