រដ្ឋបាល​ខេត្តកណ្តាល​ប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រោះមហន្តរាយ​និងគោលនយោបាយថ្មីរបស់រដ្ឋាភិបាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2018 ក+ ក-

 

​កណ្តាល ៖ រដ្ឋបាល​ខេត្តកណ្តាល​បាន រៀបចំ​កិច្ចប្រជុំ​បូកសរុប និង​ផ្សព្វផ្សាយ ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ និង​ការផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​។

​លោក បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​អាន​របាយការណ៍ និង​មានប្រសាសន៍​ស្វាគមន៍​គណៈអធិបតី គណៈប្រតិភូ និង​រៀបរាប់​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​ការជួប​ប្រទះ​គ្រោះមហន្តរាយ​មួយចំនួន​នៅ​ខេត្តកណ្តាល ក្នុង​ឆ្នាំ​២០១៧ និង​រាល់​សមិទ្ធផល និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ខេត្តកណ្តាល​មាន សុទ្ធតែជា​សមិទ្ធផល​កើតមាន​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ធ្វើ​ឲ្យ​ខេត្តកណ្តាល​មានការ​ប្រែប្រួល​មុខមាត់​ថ្មី មាន​សន្តិសុខ សុវត្ថិភាព សោភ័ណភាព និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍ ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ឆាប់រហ័ស​។​

លោក បណ្ឌិត ម៉ៅ ភិ​រុណ បាន​បន្ថែមថា បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ សម្រេចបាន​នូវ​លទ្ធផល និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត​ក៏​នៅ​ជួប​ការលំបាក​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ចាំបាច់​ត្រូវខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ កែលម្អ និង​ពុះពារ​អនុវត្ត​បន្តទៀត​។​ក្នុងនោះ​អាស្រ័យ​ដោយ​លក្ខណៈ​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​មាន​លក្ខណៈ​ស្មុគស្មាញ បញ្ហា​គ្រោះមហន្តរាយ​គឺ​បញ្ហា​ប្រឈម​មួយ ដែល​រដ្ឋបាលខេត្ត​បាន​ជួបប្រទះ ដោយ​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ​ស្ថានភាព​គ្រោះមហន្តរាយ​ក្នុង​ខេត្ត​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះរាំងស្ងួត ការបាក់​ច្រាំង អគ្គីភ័យ ជាដើម ។​

លោក​បណ្ឌិត ញឹម វណ្ណដា បាន​កោតសរសើរ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កន្លងមក​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បាន​ទាន់ពេលវេលា​។ ឯកឧត្តម​បន្ថែមទៀតថា ពីមួយ​ឆ្នាំ​ទៅមួយ អ​កាស​ធាតុ​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូច្នេះ​សូម​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ទុកជាមុន​នៅ​បញ្ហា​ទាំងអស់នេះ និង​រួមគ្នា​ការពារ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​៕