ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៦នាក់ រួមមាន លោក សម រង្ស៊ី និងភរិយា គឺលោកស្រី ជូឡុង សូម៉ូរ៉ា លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ និងលោក តុ វ៉ាន់ចាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឲ្យចូលបំភ្លឺតុលាការសាលា ដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងដាច់ដោយឡែកពីគ្នា ដែលនឹងចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ តទៅ។ អ្នកនយោបាយទាំង ៦នាក់ ត្រូវចូលបំភ្លឺពីការបង្កើតចលនាសង្គ្រោះជាតិ ដែលតុលាការចាត់ទុកថា ជាចលនាខុសច្បាប់។
តាមដីកាកោះហៅចេញដោយលោកសៀងសុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង ៦ នាក់ រួមមាន៖
ទី១៖ លោក សម រង្ស៊ី កោះហៅចូលបំភ្លឺនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី២៖ លោក អេង ឆៃអ៊ាង កោះហៅចូលបំភ្លឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៣៖ លោកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៤៖ លោក ហូរ វ៉ាន់ កោះហៅចូលបំភ្លឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៥៖ លោក នុត រំដួល កោះហៅចូលបំភ្លឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ៅង៩ព្រឹក
ទី៦៖ លោក តុ វ៉ាន់ចាន់ កោះហៅចូលបំភ្លឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ដីកាកោះហៅនោះ ត្រូវបានប៉ូលិសយកទៅបិទនៅរបងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងជាផ្ទះរបស់លោកសមរង្ស៊ី នៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
យោងតាមដីកាកោះ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៨ បានឲ្យដឹងថា “ការកោះហៅលោក សម រង្ស៊ី និងភរិយា ព្រមទាំងមនុស្ស៤ នាក់ ទៀត ដើម្បីសាកសួរពីដំណើររឿងការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមាន ភាពវឹកវរ ធ្ងន់ ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្ដួលរំលំ អាជ្ញាធរ ស្របច្បាប់ នៃព្រះរាជា ណាចក្រកម្ពុជា” ។
សូមរំលឹកថា ចលនាសង្គ្រោះជាតិ ត្រូវបានលោក សម រង្ស៊ី ប្រកាសជាផ្លូវការ នៅទីក្រុងឡុង ប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ។លោក សម រង្ស៊ី ធ្លាប់ បានថ្លែងថា ចលនាសង្គ្រោះជាតិ មិនអាចមានអ្នកណារំលាយ បាននោះទេ ព្រោះមិនបានចុះឈ្មោះ រ៉ៃអង្គាសថវិកា ។ ចលនាសង្គ្រោះជាតិហៅកាត់ថា CNRM មិនចាំបាច់ប្រកាសនោះទេ ព្រោះអ្នកគាំ ទ្រជាអ្នកប្រកាសខ្លួនឯង។លោកថា អ្នកដែលចូលរួមជានិមិត្តរូប មិនមែនឲ្យចេញមុខបង្ហាញ ឈ្មោះ នោះទេ ។
លោក សម រង្ស៊ី ក៏បានគូសបញ្ជាក់ថា “ចលនាសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានការដោះ លែងលោក កឹម សុខា និងអ្នកទោសមនសិកា មួយចំនួន និងឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះ ឆ្នោតឡើងវិញនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី៤ ខែមេសានេះ បានលើកឡើងថាទណ្ឌិត សម រង្ស៊ី និង កឹម សុខាចាំបាច់ត្រូវតែទទួលការកាត់ទោស ពីបទក្បត់ជាតិដូចលោក ពុយ ហ្សេម៉ុង មេដឹកនាំបំបែករដ្ឋ តំបន់កាតាឡានីញ៉ា នៅប្រទេស អេស្ប៉ាញ ដែរ៕