ភ្នំពេញ ៖ ធនាគារអេស៊ីលីដាភីអិលស៊ី ដែលជាធនាគារធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសផែនការថា នឹងរកប្រាក់ចំណេញអោយបាន ១០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨នេះ ខណៈដែលប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ កាលពី ឆ្នាំ២០១៧កន្លងទៅ មានចំនួនជាង៩០លានដុល្លារអាមេរិក។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅការិយាល័យកណ្ដាលកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីសេវាកម្មថ្មីមួយទៀត នៅក្នុងវិស័យធនាគារឌីជីថល បានបង្ហាញថា ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានការថយចុះ បើធៀបនឹងឆ្នាំ២០១៦ ដោយសារឆ្នាំ២០១៧ ធនាគារបានកែទម្រង់មួយចំនួន ដែលត្រូវចំណាយប្រាក់ច្រើន ដូចនេះហើយទើបធ្វើចំណូលបានធ្លាក់ចុះបន្តិច ។ ចំណែកនៅក្នុងឆ្នាំ ២០១៨នេះ អេស៊ីលីដា បានកំណត់ផែនការរកប្រាក់ចំណេញ អោយបាន១០០លានដុល្លារអាមេរិក ក៏ប៉ុន្តែ វាក៏អាស្រ័យលើការកែប្រែមួយចំនួនរបស់ធនាគារអេស៊ីលីដា និងធនាគារជាតិ ។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលធំរបស់ធនាគារ បានមកពីការប្រាក់ឥណទានរបស់អតិថិជន ដែលមានរហូតដល់ជាង៨៥ភាគរយ ។ ក៏ប៉ុន្តែពេលអនាគត ធនាគារនឹងពង្រឹងសេវាកម្មនានា ដើម្បីបង្កើនប្រាក់ចំណូល តួយ៉ាងធនាគារអេស៊ីលីដា គ្រោងនឹងបង្កើនប្រាក់ចំណូលពីសេវាកម្មអោយបានជាង៣០ភាគរយ ហើយប្រាក់ចំណូលពីឥណទាននឹងត្រូវបន្ថយមកនៅត្រឹមតែ ជាង៦០ភាគរយប៉ុណ្ណោះ ។
ដូច្នេះហើយ ដើម្បីបង្កើនប្រាក់ចំណូលពីសេវាកម្ម ធនាគារនឹងខិតខំពង្រឹងសេវាកម្មនានារបស់ខ្លួនបន្ថែមទៀត។ ជាក់ស្ដែង សមិទ្ធផលថ្មីរបស់អេស៊ីលីដា ដែលបានដាក់អោយប្រើប្រាស់ កាន់តែងាយស្រួល និងកាត់បន្ថយនូវហានិភ័យខ្ពស់ចំពោះការបាត់បង់ និងផលវិបាក ។ លោកក៏បានបង្ហាញដែរថា សមិទ្ធផលថ្មី គឺ អេស៊ីលីដាទាន់ចិត្ត ដែលបានបង្កើតតាំងពីឆ្នាំមុន មានអ្នកចុះឈ្មោះប្រើប្រាស់រាប់ម៉ឺននាក់ហើយ ។
អ្វីដែលពិសេសអេស៊ីលីដា ទាន់ចិត្ត បានតភ្ជាប់ពីគណនីធនាគារផ្ទាល់ទៅកាន់សេវាកម្មនោះ ដូចនេះ អតិថិជនអាចធ្វើការទូទាត់បានគ្រប់ពេលនិងគ្រប់ទីកន្លែង ដោយគ្រាន់តែមានសមតុល្យទឹកប្រាក់នៅក្នុងគណនី ៕