ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម សម្លឹងឃើញថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នឹងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនឡើងច្រើនជាង៤ពាន់លានដុល្លារ ៖ V.O: ឯកឧត្តម ង្វៀន ស៊ុនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា សុន្ទរកថារបស់សម្តេចតេជោ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូល CLV ក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗនេះ ពិតជាមានអត្ថន័យពេញលេញ និងគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យធុរៈកិច្ច។
នេះបើតាមខ្លឹមសារនៃជំនួបទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងវៀតណាម នៅទីក្រុងសៀមរាប នារសៀលថ្ងៃទី៤ ខែមេសា ដែលផ្តល់ដោយ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
នៅក្នុងជំនួបទ្វេភាគីនេះដែរ ឯកឧត្តម ង្វៀន ស៊ុនហ្វ៊ុក បានកត់សំគាល់ថា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នា ដែលត្រូវបានចុះហត្ថលេខារួចហើយ រវាងប្រទេសកម្ពុជា និង វៀតណាម គឺជាការបើកឳកាស និង លើកទឹកចិត្តអោយមានអ្នកវិនិយោគ រវាងប្រទេសទាំងពីរកាន់តែច្រើនឡើង ដើម្បីជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី អោយកាន់តែធំឡើងថែមទៀត ខណៈដែលទំហំសេដ្ឋកិច្ចទ្វេភាគី នាពេលបច្ចុប្បន្ន មានជាង៤ពាន់លានដុល្លារ ដែល កើនឡើងប្រមាណ២៥ភាគរយក៏ដោយ។ បន្ថែមពីនេះ ឯកឧត្តម ង្វៀន ស៊ុនហ្វ៊ុក បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដែលរៀបចំធ្វើនៅកម្ពុជាពេលនេះ ដែលនឹងជម្រុញការអនុវត្តកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍ និងគ្របគ្រងអាងទន្លេមេគង្គ ប្រកបដោយចីរភាពផងដែរ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និង ក្របខណ្ឌ CLV ។ សម្តេច ក៏ឯកភាពចំពោះ ការកើនឡើងនៃទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នផងដែរ ប៉ុន្តែសម្តេច បានផ្តល់នូវចក្ខុវិស័យថា ប្រទេសទាំងពីរគប្បីពិនិត្យមើល ការជម្រុញអោយមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រជាជននៅតាមតំបន់ព្រំដែនផង ។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះដែរ ឯកឧត្តម ង្វៀន ស៊ុនហ្វ៊ុក បាន ស្នើសុំអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើការផ្លាស់ប្តូរព័ត៌មានរវាងគ្នា ជៀសវាងការប្រើប្រាស់ព័ត៌មានមិនពិត៕