កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានភ្លើងឆាបឆេះរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែផ្ទុះកំប៉ុងចង្ក្រានហ្គាស ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៣រសៀល ថ្ងៃទីា៤ ខែមេសា ឆ្នាំ២០១៨ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ មានទំហំ ៥គុណនឹង៦ម៉ែត្រ សង់ខ្ពស់ពីដី សសរបេតុង ធ្វើពីឈើប្រក់ស័ង្កសី ។
ម្ចាស់ផ្ទះមានឈ្មោះ ប៊ី វាន់ ភេទប្រុស អាយុ២០ឆ្នាំជាតិខ្មែរមានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តតកណ្តាល មុខរបរមិនច្បាស់លាស់ ប្រពន្ឋឈ្មោះ សឿន ងែត អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ ។ គ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុង និងខូចខាតសម្ភារក្នុងផ្ទះមួយចំនួនទៀត ។
សមត្ថកិច្ចបានបន្ថែមថា នៅពេលកើតហេតុឈ្មោះ ប៊ី វ៉ាន់ (ម្ចាស់ផ្ទះ) បានឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះសួន ង៉ែត រួចក៏នាំគ្នាចុះមកក្រោមផ្ទះ បន្តិចក្រោយមកក៏លឺសំឡេងផ្ទុះនៅលើផ្ទះ ហើយឃើញមានអណ្ដាតភ្លើងឆាបឆេះតែម្ដង ភ្លាមនោះម្ចាស់ផ្ទះ និងអ្នកជិតខាងបានរាយការណ៍ទៅមេភូមិ ហើយមេភូមិក៏ទំនាក់ទំនងសុំកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមកជួយពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួនពីររថយន្តទើបរលត់ទាំងស្រុង ៕