សៀមរាប ៖ ជំនួបទ្វេភាគីរវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ បានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការដើម្បីអោយកិច្ចប្រជុំកំពូលគណៈកម្មកាទន្លេមេគង្គលើកទី៣ ទទួលបានជោគជ័យ។
នៅមុនពេលកិច្ចប្រជុំកំពូលគណៈកម្មការទន្លេ លើកទី៣ ចាប់ផ្តើមជាផ្លូវការ នៅក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បានជួបពិភាក្សាការងារទ្វេភាគីជាមួយគ្នា នៅសណ្ឋាគារ សុខា សៀមរាប នាព្រឹកថ្ងៃទី៥ ខែមេសានេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជា្ញប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងអោយដំណើរការនៃកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣នេះ ទទួលបានជោគជ័យ និងអាចផ្តល់ប្រយោជន៌ជារួម សម្រាប់ប្រទេសទាំងអស់នៅតាមដងទន្លេមេគង្គ។
បើតាមខ្លឹមសារនៃជំនួបទ្វេភាគីនេះដែរ ឯកឧត្តម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអោយដឹងថា ប្រមុខរដ្ឋាភិបាលទាំងពីរ បានកត់សំគាល់ តាមរយៈនៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាញឹកញាប់ គឺបង្ហាញអោយឃើញពីភាពស្និទស្នាល និង ទំនាក់ទំនងយ៉ាងជិតស្និត រវាងថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេសទាំងពីរកាន់តែប្រសើរ។ ដូចនេះប្រទសទាំងពីរ នឹងបន្តរក្សា កិច្ចសហបត្តិការទ្វេភាគី ដែលកំពុងមានដំណើរការល្អជាទីបំផុតដូចមាននា ពេលបច្ចុប្បន្ន។
ដោយឡែក ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ បានជូនពរ សម្តេចតេជោ ក្នុងឳកាស ថ្ងៃខួបកំណើត ឈានចូល៦៨ឆ្នាំ និងបានជូនពរ ប្រជាជនកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី អោយមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។ ដូនគ្នានេះ សម្តេច តេជោ ក៏ បានជូនពរ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ រួមនិង ប្រជាជនថៃ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ដែលប្រារព្វធ្វើក្នុងពេលតំណាលគ្នាជាមួយកម្ពុជា ផងដែ៕