ភ្នំពេញ ៖ ក្នុងរយៈពេលពីរ បីឆ្នាំ ចុងក្រោយនេះ កំណើនវិនិយោគិនចិន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១មានចំនួនច្រើនជាងគេ ទាំងគម្រោងវិនិយោគ និងចំនួនទឹកប្រាក់វិនិយោគ។
ទន្ទឺមនេះ វិនិយោគគិនចិនប្រមាណ១ពាន់នាក់ទៀត នឹងមកដល់កម្ពុជាក្នុងឆ្នាំនេះ ដើម្បីស្វែងរកការវិនិយោគនានា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ដែលជាគោលដៅសំខាន់។
បើតាមលោក ជាំង ជីងឡុង ( Jiang Jing Long ) ដែលជាវិនិយោគិនចិនមួយរូបបានមកដល់កម្ពុជា តាមការចាត់តាំងរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង បានអោយដឹងថា ការមកដល់របស់វិនិយោគិនចិន លើទឹកដីកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើអោយចិន មកវិនិយោគលើវិស័យនានា ក្នុងនោះ មានវិស័យអចលនទ្រព្យ កសិកម្ម និង សេវាកម្មផ្សេងៗ ។
តាមរយៈសកម្មភាពនេះ ក៏ជាការឆ្លុះបញ្ចាំងអោយឃើញពីទំនាក់ទំនងរវាងកម្ពុជា និង ចិន កាន់តែស្អិតរមួត ។ លោកបន្តថា កម្ពុជាមានសក្ដានុពលជាច្រើនទៀតដែលត្រូវអោយចិនអភិវឌ្ឍន៍ ជាពិសេស ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមាត់សមុទ្រដ៏ស្អាតមួយនៅប៉ែកនារតី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកថា បើតាមការស្ទាបស្ទង់ ក្រុមហ៊ុនរបស់លោកអាចជាក្រុមហ៊ុនដែលឈរលំដាប់កំពូលមួយក្នុងចំណោមក្រុមហ៊ុនចិនទាំងអស់ដែលកំពុងបណ្ដាក់ទុន វិនិយោគនៅកម្ពុជា ព្រោះទឹកប្រាក់ដែលគ្រោងនឹងវិនិយោគ មានទំហំធំ រាប់ពាន់លានដុល្លារអាមេរិក និងជាក្រុមហ៊ុនដែលមានការសម្របសម្រួលរវាងរដ្ឋាភិបាលនៃប្រទេសចិន និងកម្ពុជាផងដែរ ។
បើតាមលោក ស៊ី ឈាំងស៊ាំង អ្នកសម្របសម្រួលវិនិយោគិនចិន មកកម្ពុជា បានអោយដឹងផងដែរ នៅពេលខាងមុខដ៏ខ្លីនេះ ពោលគឺ នៅអំឡុងខែ មេសា រឺ ខែ ឧសភា វិនិយោគិនចិនប្រមាណ១០០០នាក់បន្ថែមទៀត នឹងមកដល់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពលនានា សម្រាប់ការវិនិយោគរបស់ពួកគេ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ។
លោកបន្តថា បើសិនជាពួកគេបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នឹងផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាក់ស្ដែង ឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ប្រាក់ចំណូលដល់រាជរដ្ឋាភិបាល និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម៕