ភ្នំពេញ៖ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋសភាជាតិនឹងប្រជុំអនុម័តលើសមាសភាពគ.ជ.ប ថ្មី ដើម្បីឆ្លើយតបចំពោះការទទឹងរង់ចាំរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះ។
ទោះជាយ៉ាងណា ក៏គេនៅមិនទាន់ដឹងថា តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដែលនឹងប្រសូតនៅមុនចូលឆ្នាំខ្មែរនោះ ជានរណានៅឡើយទេ។
បើតាមប្រសាសន៍លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ប្រកាសកាលពីពេលថ្មីៗថា បើគ្មានបេក្ខ ភាពទៀតទេនោះ លោកអ៊ឹម សួស្ដី ប្រធាន គ.ជ.ប សព្វថ្ងៃនេះនឹងត្រូវនៅបន្ដតំណែងជាប្រធានគ.ជ. ប ថ្មី។
ក្នុងចំណោមសមាជិក និងថ្នាក់ដឹកនាំទាំង៩រូបនៃ គ.ជ.ប ថ្មីនេះគឺមានម្នាក់ដែលគេដឹងជាមុនហើយ នោះគឺលោកហង្ស ពុទ្ធា នាយកអង្គការនិចហ្វ្រិច។ ចំណែកបេក្ខជន៨រូបផ្សេងទៀតគឺមកពីគណបក្ស មានអាសនៈក្នុងរដ្ឋសភា៤រូបម្ខាង។
រហូតមកដល់ថ្ងៃទី០៥ ខែមីនា គណបក្សសង្គ្រោះជាតិបានព្រមទទួល យកបេក្ខជនសមាជិកទី៩ជាផ្លូវការហើយ ។ ការទទួលយកលោក ហង្ស ពុទ្ធា ដោយគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីលោក នាយករដ្ឋមន្ដ្រីហ៊ុន សែន បានព្រមានរក្សាទុកក្បាលម៉ាស៊ីន និងថ្នាក់ដឹកនាំគ.ជ.ប ចាស់ ដែលដឹកនាំដោយលោកអ៊ឹម សួស្ដី ។ លោកនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា បើគណបក្សសង្គ្រោះជាតិ មិនទទួលយកបេក្ខភាពលោកហង្ស ពុទ្ធា មានន័យថាគណបក្សទាំង២មិនត្រូវរ៉ូវ គ្នាឡើយ ដូច្នេះគ.ជ.បចាស់នឹងបន្ដដំណើរ ។
ចំពោះបេក្ខភាព ទី៩ គឺត្រូវតែលោកហង្ស ពុទ្ធា គ្រាដែល លោកបានដាក់ពាក្យចូលជាសមាជិក គ.ជ.ប.រួចរាល់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ។ អ្វីដែលនៅរង់ចាំប្រកាស ជាផ្លូវការ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៥ នៅវិមានរដ្ឋសភា គឺសមាជិក ៨រូបផ្សេងទៀតនៃគណបក្សទាំង២ដែល មានអាសនៈនៅក្នុងរដ្ឋសភា ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសថា បេក្ខភាពដែល បានដាក់ទៅកាន់រដ្ឋសភា មានច្រើនជាង ៥០រូប តែគណបក្សប្រជាជនបានដាក់ បេក្ខភាពតែ៤រូបដោយមិនផ្លាស់ប្ដូរ ។ ក្នុងចំណោមបេក្ខភាពទាំងនោះគឺទាំង អស់មកពីគណបក្សសង្គ្រោះជាតិ ។ លោក មិនទាន់បានបង្ហើបអំពីបេក្ខភាពទាំង៤រូប របស់គណបក្សប្រជាជនកម្ពុជានៅឡើយ ទេ ។ ប៉ុន្ដែតាមអ្វីដែលជាការអះអាងនា គ្រាកន្លងមក ទំនងជាសមាជិកនៃក្រុម ការងារទាំង៤រូបរបស់ក្រុមចរចាកិច្ចការ បោះឆ្នោតនាពេលកន្លងមកនោះឯង។
ក្រុមការងារកិច្ចការបោះឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា ដែលធ្វើការជា មួយគណបក្សសង្គ្រោះជាតិនាពេលកន្លងមក អាចក្លាយជាសមាសភាពសមាជិក គ.ជ.ប ថ្មី ។
សម្រាប់គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ីក្ដី លោកកឹម សុខាក្ដី សុទ្ធតែ បានបង្ហាញជំហរចង់ឃើញមន្ដ្រីសង្គមស៊ីវិលចូលរួមនៅក្នុងតួនាទី របស់ គ.ជ.ប ថ្មី ។ ដូច្នេះបេក្ខភាព២រូបពីអង្គការសង្គម ស៊ីវិល លោក យ៉េង វីរៈ និង លោក គល់ បញ្ញា អាចជាសមាជិក គ.ជ.ប ថ្មី ដែលជាបេក្ខភាពមកពីគណបក្សសង្គ្រោះជាតិ នោះមែន ។
វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ នៅក្នុងចំណោមសមាជិក គ.ជ.បថ្មីនេះ គឺមាន៖
១-លោក ហង្ស ពុទ្ធា មកពីសង្គមស៊ីវិល
២-លោក ប៊ិន ឈិន មកពីគណបក្ស ប្រជាជនកម្ពុជា
៣-លោក គួយ ប៊ុនរឿន មកពីគណ បក្សសង្គ្រោះជាតិ
៤-លោក ព្រំ សុខា មកពីគណបក្ស ប្រជាជនកម្ពុជា
៥-លោក ថាច់ សេដ្ឋា មកពីគណ បក្សសង្គ្រោះជាតិ
៦-លោក កើត រិទ្ធ មកពីគណបក្ស ប្រជាជនកម្ពុជា
៧-លោក គល់ បញ្ញា មកពីគណបក្ស សង្គ្រោះជាតិ
៨-លោក ស៊ិក ប៊ុនហុក មកពីគណ បក្សប្រជាជនកម្ពុជា
៩-លោក យ៉េង វីរៈ មកពីគណបក្ស សង្គ្រោះជាតិ
ប៉ុន្ដែអ្វីៗនឹងពិតប្រាកដនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ គ្រាដែលរដ្ឋសភាប្រជុំអនុម័តលើសមាសភាពគ.ជ.ប ថ្មីនេះ ៕