ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមពិធីចំនួនពីរ គឺសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រជប៉ុន។
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្តេចយាងទៅកាន់ប្រទេសជប៉ុន គឺដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។
អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ក៏បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះអង្គផងដែរ។
សូមជំរាបថា ព្រះអង្គយាងទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រជប៉ុន។
តាមរយៈព្រះរាជដំណើរយាងទៅប្រទេសជប៉ុនរបស់ព្រះអង្គនាពេលនេះ គឺជាព្រះរាជដំណើរដែលនឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន អោយកាន់តែល្អប្រសើរ មានន័យថា ធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយថែមទៀត។
ប្រជារាស្ត្រខ្មែរ ជាកូន ជាចៅ នៅទូទាំងប្រទេស សូមថ្វាយព្រះពរព្រះអង្គ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខ សន្តិភាព តរៀងទៅ៕