មន្ត្រី​ព្រំដែន​កំហិត​ទារលុយ​ច្រើន​ពី​ពលករ​ខ្មែរ​ពេល​ឆ្លងដែន​អំឡុង​បុណ្យចូលឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ កំពុង​សម្រុក​ចេ​ញី​ទឹកដី​ថៃ តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដើម្បី​ត្រឡប់​ទៅលេង​ស្រុកកំណើត​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខណៈដែល​ពលករ​ត្អូញត្អែ​ចោទប្រកាន់​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ទាំង​ភាគី​ថៃ និង​ខ្មែរ​ទារប្រាក់​ម្នាក់ៗ​អស់​ជិត​៤​ម៉ឺន​រៀល​។​

​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​រាប់ពាន់នាក់​គេ​សង្កេតឃើញ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ បាននាំគ្នា​ធ្វើដំណើរ​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍ ដើម្បី​មកលេង​ស្រុកកំណើត ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​នៅសល់តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​និង​ឈាន​មកដល់​នោះ​។

​ខណៈដែល​ការចាកចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង បែរជា​ពលករ​ខ្មែរ​ទាំងនោះ​មានការ​ត្អូញត្អែ និង​ចោទប្រកាន់ថា​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ ប្រចាំ​នៅ​ច្រកទ្វារ​បាន​ទារប្រាក់​ពី​ពួកគាត់​ក្នុង​ម្នាក់ៗ​៣​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជិត​៤​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​ការចោទប្រកាន់ថា​មាន​យកប្រាក់​ពី​ពលករ​ខ្មែរ​ធ្វើដំណើរ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ពី​សមត្ថកិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា​នៅ​មាត់​ច្រកទ្វារព្រំដែន​នោះ​ត្រូវគេ​មើលឃើញថា​សមត្ថកិច្ច​ទាំងនោះ​កំពុង​អនុវត្ត​ផ្ទុយ​ពី​សេចក្តីប្រកាស​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​ខ្មែរ​បាន​ចាកចេញ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឱ្យ​បានល្អ​ផងដែរ​។​

បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លករ​ខ្មែរ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ពួកគាត់​បាន​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ឈម​និង​ច្រកទ្វារព្រំដែន​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉​ន បាន​បង់ប្រាក់​ទៅឱ្យ​សមត្ថកិច្ច​កម្ពុជា​ក្នុង​ម្នាក់​១​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​១​ម៉ឺន​រៀល បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ថៃ​២០០​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​២​ម៉ឺន​រៀល​ប្រាក់​ខ្មែរ ទោះបី​ពួកគាត់​មាន​ឯកសារ​សម្រាប់​ការ​ឆ្លងដែន​ស្របច្បាប់​ក៏​គេ​តម្រូវឱ្យ​បង់ប្រាក់​នោះ​ផងដែរ​។​មិនតែប៉ុណ្ណោះ​ចំណែក​អីវ៉ាន់​ខ្លះ​ដែល​ពករ​ខ្មែរ​ទិញយក​មកប្រើប្រាស់​ក៏ត្រូវ​បង់ប្រាក់​ម្នាក់ៗ​ពី​១​រយ​បាត​ប្រាក់​ថៃ​ទៅ​២​រយ​បាត ផង​នោះ​ទៀត​។​បញ្ហា​នេះ​បង្ក​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​និង​ធ្វើឱ្យ​ពួកគាត់​មិន​សប្បាយចិត្ត​នោះឡើយ​។​

​ពាក់ព័ន្ធ​និង​ការយក​ប្រាក់​ពី​ពលករ​ខ្មែរ​រហូតដល់​៣​បាត​ស្មើ​និង​ជាង​៤​ម៉ឺន​រៀល​ទាំង​ស​ត្ថ​កិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បង្ហើប​ប្រាប់ថា​ការយក​ប្រាក់​នោះ​គឺ​សមត្ថកិច្ច​ភាគី​ទាំង​២​សហការគ្នា​ប្រមូលប្រាក់​ដើម្បី​ចែក​ភាគលាភ​គ្នា​។

ជុំវិញ​បញ្ហា​នេះ​កាលពី​រសៀល​ថ្ងៃទី​៦ មេសា អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក ហម សំខាន់ ប្រធាន​កណៈក​ម្មការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​សូមឱ្យ​ជួយ​ឆ្លើយបំភ្លឺ​នៃ​ការចោទប្រកាន់​ប៉ុន្តែ​ទូរស័ព្ទ​លោក​ហៅចូល​២​ទៅ​៣​ដង​គ្មាន​ការទទួល​។​អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ដើម្បី​បំភ្លឺ​នោះ​ផងដែរ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​គណៈ​អភិបាលខេត្ត​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ ប្រធាន​ប៉ុ​ស្ថិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បំភ្លឺ​ឱ្យដឹងថា ថ្ងៃនេះ​ពិតជា​មាន​ពលករ​ខ្មែរ​ចាកចេញ​មកលេង​ស្រុកកំណើត​ច្រើន​នោះ​មែន​។​តាម​គោលការណ៍​ថ្នាក់លើ​គឺ​មិនឱ្យ​សមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​យកប្រាក់​ពី​ពលករ​ខ្មែរ​នោះឡើយ លោក​អះអាងថា​គ្មាន​ករណី​យកប្រាក់​នោះទេ​។​

​លោក​បញ្ជាក់​ឱ្យដឹងទៀតថា បើ​ប៉ូលីស​ណា​យកប្រាក់​ពី​ពលក​ខ្មែរ​ត្រូវ​កត់​អត្តលេខ​និង​មើល​ឈ្មោះ​ដើម្បី​ចាត់វិធានការ ប៉ុន្តែ​លោក​ឆ្ងល់​បើ​ដឹងថា​មាន​សមត្ថកិច្ច​យកប្រាក់​ហេតុ​អី​បានជា​ពួកគាត់​មិន​ប្តឹង​។​

សូមបញ្ជាក់ថា សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​គេ​សង្កេតឃើញ​នៅ​ថ្ងៃទី​៦ ខែមេសា មិន​ត្រឹមតែ​ចាកចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ប្រឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​។​ពួកគេ​ក៏​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​និង​ច្រក​ខ្លង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ យ៉ាង​សន្ធឹកសន្ធាប់​នោះ​ផងដែរ​។​ពលករ​ខ្មែរ​អាច​និង​បន្ត​ធ្វើដំណើរ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​មកលេង​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ គ្រា​ដែលមាន​សេចក្តីរាយការណ៍​ឱ្យដឹងថា​រថយន្ត​រត់​ឈ្នួល​តូចៗ​ក៏​កំពុង​តម្លើង​ថ្លៃឈ្នួល​នៃ​ការដឹកជញ្ជូន​នោះ​ផងដែរ​៕