ប្រជាសហគមន៍ល្បាតព្រៃឡង់ ចាប់ បានឈើ និងម៉ាស៊ីនអារឈើ២៥គ្រឿង ខណៈចុះល្បាតរយៈពេល៥ថ្ងៃ នៅក្នុងខេត្តចំនួន៣ ប្រយោជន៍បង្ហាញឲ្យឃើញនូវការពិតជាក់ស្តែងជុនសាធារណមតិ។
តំណាងសហគមន៍ព្រៃឡង់នៅខេត្តចំនួន៣ គឺខេត្តព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ឲ្យដឹងថា ក្នុងការចុះល្បាតព្រៃឈើរយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសានេះ ប្រជាសហគមន៍ចាប់បានម៉ាស៊ីនអារឈើសរុប២៥គ្រឿង និងឈើ៤៥ម៉ែត្រគូប ក្នុងនោះមានឈើប្រណីតប្រភេទធ្នង់២៨គូប ដួងចែម និងផ្តៀក១៧គូប ។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោកជា សុខហឿន មានប្រសាសន៍ថា ពួកគាត់បានដុតឈើប្រណីតអស់២គូប និងដុតម៉ាស៊ីនអារឈើខុសច្បាប់៩គ្រឿង ដោយមិនមានមធ្យោបាយដឹកមកសហគមន៍ ហើយថាការម៉ាស៊ីនអារឈើទាំងនោះ ព្រោះកន្លងមក ពេលពួកគាត់ចាប់បានយកទៅប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ប៉ុន្តែត្រូវរដ្ឋបាលព្រៃឈើប្រគល់ឲ្យជនល្មើសវិញដដែល ។
ចំណែកម៉ាស៊ីនអារឈើ១៦គ្រឿងផ្សេងទៀត ក្នុងនោះ១២គ្រឿងចាប់បាននៅខេត្តព្រះវិហារ និង៤គ្រឿងចាប់បាននៅខេត្តកំពង់ធំ តំណាងសហគមន៍នឹងប្រគល់ជូនរដ្ឋបាលព្រៃឈើយកទៅគ្រប់គ្រងតាមនីតិវិធី៕
រូបភាព ឈើ និងម៉ាស៊ីនអារឈើដែលប្រជាសហគមន៍ល្បាតព្រៃឡង់ ចាប់បាន(រូបភាពពី៖ សហគមន៍ព្រៃឡង់)