ភ្នំពេញ ៖ រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានត្រូវបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរតាម រថភ្លើង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ជាពិសេសភ្ញៀវជាតិនិងអន្តរជាតិដែលត្រូវធ្វ់ដំណើរទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនស្ទះចរាចរណ៍និងចំណេញពេលវេលា។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ គឺដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។ ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។
ផ្លូវដែកនេះបំបែកពីផ្លូវចាស់ (ដែលចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ) ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កំណាត់ថ្មីនេះមានប្រវែង ១,៩១៣ម៉ែត្រ ហើយរថភ្លើង៣គ្រឿង នឹងដាក់ឲ្យដំណើរមុនចូលឆ្នាំខ្មែរ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចំពោះកន្លែងឆេកអ៊ីន( Chek in) អ្នកដំណើរអាចឆែកនៅស្ថានីយអយស្ម័យយានភ្នំពេញ ហើយពេលមកដល់អាកាសយានដ្ឋាន យើងអាចឡើងទៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែនតែម្តង។
សូមជម្រាបថា ការដាក់ឲ្យដំណើររថភ្លើងនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ របស់អ្នកត្រូវឡើងយន្តហោះប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលធ្វើដំណើរទាំងអស់ត្រូវ បានត្រួតពិនិត្យទំនិញនៅស្ថានីយរថភ្លើងជាមុន ហើយមិនបាច់ទៅត្រួតពិនិត្យនៅអាកាសយានដ្ឋានទៀតនោះឡើយ៕