ភ្នំពេញ ៖ ជាការអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីច្បាប់ពន្ធអន្តរជាតិ រវាងកម្ពុជា និងសហរដ្ឋអាមេរិក អគ្គនាយកដ្ឋានពន្ធដារ តម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធានារ៉ាប់រង បញ្ជូនរបាយការណ៍ព័ត៌មានគណនីជនជាតិអាមេរិក។
អគ្គនាយកពន្ធដារ (GDT) បានជូនដំណឹងមួយកាលពីសប្តាហ៌មុន ដែលតម្រូវអោយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជា ត្រូវបញ្ជូនរបាយការណ៍ព័ត៌មានដែលទាក់ទងនឹងគណនីរបស់ជនជាតិអាមេរិក សម្រាប់ឆ្នាំ២០១៧ អោយបានមុនថ្ងៃទី ២៩ ខែមិថុនា ដើម្បីអគ្គនាយកដ្ឋានពន្ធដារ ពិនិត្យនិងបញ្ជូនរបាយយការណ៌ទាំងនោះ ទៅកាន់ អាជ្ញាធរចំណូលក្នុងស្រុកសហរដ្ឋអាមេរិក (US Internal Revenue Service-IRS) អោយបានទាន់ពេលវេលា។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះថា ក្នុងករណីផ្ញើរបាយការណ៍យឺតពេលកំណត់ ត្រឹមថ្ងៃទី២៩ ខែមិថុនានោះ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានកាតព្វកិច្ចត្រូវរាយការណ៍ស្ថិតក្រោមកិច្ចព្រមព្រៀង FATCA នឹងត្រូវទទួលខុសត្រូវ និងរងពិន័យណាមួយ យោងតាមកិច្ចព្រមព្រៀងនេះ។ ការធ្វើរបាយការណ៌ប្រចាំឆ្នាំដែលទាក់ទងនឹង គណនីរបស់ជនជាតិអាមេរិកនេះ គឺជាការអនុវត្ត តាមកិច្ចព្រមព្រៀងមួយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើអោយប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងដើម្បីអនុវត្តតាមច្បាប់ ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់សហរដ្ឋអាមេរិក (FATCA)៕