ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ ការកិច្ច ដែលបានផ្សព្វផ្សាយនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិស ដៅការងារឆ្នាំ២០១៨ បានឲ្យដឹងថា តាមរយៈការចុះធ្វើអធិការកិច្ច តាមដានការអនុវត្តន៍ច្បាប់ និងអង្កេតស្រាវជ្រាវពាក្យបណ្តឹងនាពេលកន្លងមកបានបង្ហាញថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់ អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានល្អប្រសើរ ព្រមទាំង បានយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ផ្នែក គ្រប់ជំនាញ ដើម្បីលើក កម្ពស់សមត្ថភាពមន្ត្រីរាជការស្របតាមយុទ្ធសាស្ត្រចតុកោណទី៣ របស់រាជរដ្ឋាភិបាល។
ថ្លែងបើកសន្និបាតនាព្រឹកថ្ងៃទី១០ មេសានេះ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ឆេង សារឿន មានប្រសាសន៍ថា ការរៀបចំ សន្និបាតប្រចាំឆ្នាំនេះឡើងក្នុងគោលបំណងពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែល ក្រសួងបានអនុវត្តក្នុងឆ្នាំកន្លងទៅ លើកឡើងពីការប្រឈមរបស់ក្រសួង ពិភាក្សា និងផ្លាស់ប្តូរ យោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ព្រមទាំងដាក់ចេញនូវវិធានការណ៍ និង ទិសដៅថ្មីៗសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨នេះឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិជាច្រើន សំដៅពង្រឹងអភិបាលកិច្ចល្អ និងរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ រហូតសម្រេចបាន លទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការងារជាច្រើនដូចជា ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា ការងារផ្សព្វផ្សាយច្បាប់ ការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ការងារអធិការ កិច្ច និងការងារតាមដានការអនុវត្តច្បាប់ជាដើម ហើយថា តាមរយៈលទ្ធផលអធិការកិច្ច និង ការអង្កេត និងដោះស្រាយពាក្យបណ្តឹងនានា ក្រសួងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការ ជំរុញតម្លាភាព និងគណនេយ្យភាព ជួយកាត់បន្ថយការរំលោភដោយអំណាច និងអំពើពុក រលួយ ដែលជាការងារស្នូលដ៏សំខាន់ នៃអភិបាលកិច្ចល្អក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល៕