ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ាក អេឌីងតុន នាយកផ្នែកគ្រប់គ្រងថវិកាហិរញ្ញប្បទានឥត សំណងនៃមូលនិធិសកលបានរួមគ្នាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍និងរបេងនៅកម្ពុជាដោយក្នុងពីធីនេះដែលបានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃចន្ទ ទី៩ ខែមេសា នេះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានហៅមូលនិធិសកលថា ជាដៃគូដ៏សំខាន់បំផុតរបស់កម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលបានរួមចំណែកដ៏ច្រើនដល់ កម្ពុជាដើម្បីសម្រេចបាននូវសមិទ្ធកម្មគួរជាទីមោទនៈ ក្នុងការកាត់បន្ថយចំនួនគ្រោះថ្នាក់ ពីជំងឺទាំងនេះ។
លោកបានបន្តថា ហិរញ្ញប្បទានឥតសំណងថ្មីប្រមាណជាង ៥៥លានដុល្លារ
អាមេរិកនាពេលនេះ គឺជាជំហានដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង និងពិភពលោកទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេង។ ជំនួយឥតសំណង នេះ បានវិភាជន៍ថវិកាចំនួន ៤១ លានដុល្លារអាមេរិក សម្រាប់ការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងថវិកាចំនួនប្រមាណ ១៣ លានដុល្លារអាមេរិកផ្សេងទៀត សម្រាប់ការងារ ប្រយុទ្ធ នឹងជំងឺរបេង ដែលនឹងជួយកម្ពុជាឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗទៀតសម្រាប់ រយៈពេលពីឆ្នាំ ២០១៨ ដល់ ២០២០ ស្របតាមចក្ខុវិស័យប្រកបដោយមហិច្ឆតា នៃផែនការ យុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០ គឺ “ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសុខភាព និងសុខមាលភាពកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចប្រកបដោយចីរភាព”។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ បានគូសបញ្ជាក់ដែរថា នេះគឺជាគម្រោងទី១ហើយ ដែលមូលនិធិសកលបានឯកភាព ទទួលយកប្រព័ន្ធប្រទេសសម្រាប់អនុវត្តគម្រោងដែលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រទេសនេះ មិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពអនុវត្តគម្រោង និងពង្រឹងសមត្ថភាពទទួល ខុសត្រូវរបស់ក្រសួង-ស្ថាប័នអនុវត្តគម្រោងប៉ុណ្ណោះទេ តែថែមទាំងជាសក្ខីភាពបង្ហាញ អំពីជំនឿទុកចិត្តកាន់តែរឹងមាំជាងមុនរបស់មូលនិធិសកលចំពោះសមត្ថភាព និងភាព ជាម្ចាស់របស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ថែមទៀតផង។
ដូច្នេះពិធី ប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ គឺជាសក្ខីកម្ម នៃភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិ បាលកម្ពុជា និងមូលនិធិសកល ហើយថា តាមរយៈការប្តេជ្ញា និងឆន្ទៈដ៏មោះមុតរបស់ យើងក្នុងការយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ ក៏ដូចជាការថែរក្សា ការពារនូវសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ យើងបានរួមគ្នាខិតខំប្រឹងប្រែងរៀបចំ និងដាក់ចេញនូវចង្កោមសកម្មភាពការងារ និងយន្តការសម្រាប់អនុវត្តនៅក្នុងស្មារតី សហការគ្នាដែលពុំធ្លាប់មានពីមុនមក។ យើងបានរួមគ្នាបើកទំព័រសករាជថ្មីនៃភាពជា ដៃគូ និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសកលក្នុងស្មារតីគោរព គ្នាទៅវិញទៅមក៕