ភ្នំពេញ ៖ បើនិយាយអំពីវិស័យសិល្បៈ ការបង្កើតអោយមានតារាសម្តែង តារាបង្ហាញម៉ូត ឬក៏ តារាចម្រៀង។ល។ ផ្នែករដ្ឋតែមួយគឺមិនគ្រប់គ្រាន់ទេ វាទាល់តែមានការចូលរួមពីផ្នែកឯកជន បន្ថែមទៀត ទើបអ្វីៗអាចប្រព្រឹត្តទៅបានល្អប្រសើរ។
នេះជាការលើកឡើងរបស់អ្នកគ្រប់គ្រង កម្មវិធីប្រកួតជ្រើសរើសតារាក្នុងវិស័យសិល្បៈលោក ប៊ុនគើដ អាំងអាំនួយសិរិ នៃក្រុមហ៊ុន BKA INTERTANMENT ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំកម្មវិធីប្រកួតចំនួន ៣ព្រមៗ គ្នា ដែលក្នុងនោះមាន កម្មវិធីប្រកួត FRESHIE Girl and Boy ជំនាន់ទី១៧,កម្មវិធីប្រកួត KHMER SUPER MODELជំនាន់ទី៩ និងកម្មវិធីប្រកួត MISTER CAMBODIA ជំនាន់ទី២ ដើម្បីផ្តល់ជាវេទិកាកិត្តិយសដល់យុវជន យុវនារីកម្ពុជាបានបង្ហាញពីសមត្ថភាពទេពកោសល្យ រូបសម្បត្តិ និងភាពស្រស់សង្ហាររបស់ពួកគេ។
លោក ប៊ុនគើដ បានថ្លែងអំណរគុណចំពោះក្រសួង និងថ្នាក់ដឹកនាំកម្ពុជាដែលបាន អនុញ្ញាត និងយកចិត្តទុកដាក់ចំពោះកម្មវិធីចម្រាញ់ជ្រើសរើសតារាក្នុងវិស័យសិល្បៈនៅ កម្ពុជានាពេលកន្លងទៅក្រោមការរៀបចំដោយក្រុមការងាររបស់លោក។ លោកថា កម្មវិធីទាំង នេះគឺជាសួននៃការបណ្តុះពន្លកតារាកម្ពុជា ជាមាគា៌ក្នុងការចម្លងក្តីស្រមៃនៃយុវជន យុវតីខ្មែរ បានសម្រេចនូវគោលដៅ ក៏ដូចជាបំណងប្រាថ្នារបស់ពួកគេចំពោះសង្គមសិល្បៈកម្ពុជា ដែល ពួកគេអាចក្លាយជាសិល្បករ សិល្បការិនីដ៏មានគុណភាពមួយរូបនាពេលអនាគត ដោយក្នុង រយៈពេល ១៧ឆ្នាំកន្លងទៅនេះ BKA INTERTANMENT ពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បី រួមចំណែកក្នុងការបណ្តុះពន្លកថ្មីនៃអ្នកសិល្បៈនៅកម្ពុជា ក្រោមកិច្ចគាំទ្រពីសំណាក់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈយ៉ាងសកម្មផងដែរ៕