សៀមរាប ៖ យ៉ាងហោចណាស់មនុស្សប្រុស៣នាក់ ក្នុងនោះម្នាក់ជាអ្នកបើកបរ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង១៧នាក់ទៀតរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងក្រុមហ៊ុនស៊ុនអូខុងដឹកអ្នកដំណើរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែមេសា នេះ នៅចំណុចផ្លូវកោងស្ពានថ្នល់ដាច់ តាមផ្លូវជាតិលេខ6ក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
អធិការនគរបាលស្រុកជីក្រែង លោកសុខ សុទ្ធាវុធ បានឲ្យដឹងថា
រថយន្តក្រុងដែលក្រឡាប់នោះជារបស់ក្រុមហ៊ុនស៊ុនអ៊ូខុងដឹកអ្នកដំណើរ ។ លោកបន្តថា រថយន្តនោះពាក់ស្លាកលេខភ្នំពេញ3D5280 ធ្វើដំណើរពីភ្នំពេញ មកខេត្តសៀមរាប។ លុះមកដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោង ហើយអ្នកបើកបរទំនងងងុយដេក ក៏ជ្រុលធ្លាក់ផ្លូវ ក្រឡាប់តែម្តង។
លោកអធិការស្រុកជីក្រែងបន្តថា រហូតដល់ម៉ោង៖ 00នាទីព្រឹកដដែលនេះ កម្លាំងសមត្ថកិច្ចកំពុងតែខិតខំស្ទូចយករថយន្តនោះចេញដើម្បីស្វែងរកក្រែងមានជនរងគ្រោះផ្សេងទៀតនៅជាប់ក្នុងរថយន្ត៕