ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញ ជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៦ ៖ ៣០ នាទីព្រឹក ស្ថិតនៅចំណុចខាងជើង គល់ស្ពានអាកាសផ្សារដីហុយ។ ស្ពាន អាកាស ផ្សារដីហុយនេះ នឹងត្រូវបើកឲ្យដំណើរការបណ្តោះអាសន្ន សម្រាប់សម្រួល ដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ ។
ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកាសផ្សារដីហុយនេះ នឹងរួមចំណែកកាត់ បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរ នៅលើវិថីសហព័ន្ធរុស្សីផងដែរ ។
សូមសម្រាបថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី ចុងខែសីហា២០១៦ ហើយបានបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ ។
ទន្ទឺបគ្នានឹងការបើកឲ្យធ្វើចរាចរណ៍ស្ពានអាកាសស្តុបផ្សារដីហុយនេះដែរ នៅព្រលប់ ថ្ងៃទី១១ ខែមេសា នេះ ស្ពានថ្មើរជើងលើអាកាសនៅស្តុបនាងគង្ហីង នឹងចាប់ផ្តើមដំឡើង គ្រោងដែកកាត់ទទឺងផ្លូវ ហើយ អាជ្ញាធរបានប្រកាសបិទផ្លូវមួយយប់ ដើម្បីរៀបចំដំឡើង គម្រោងឆ្អឹងនៃស្ពានថ្មើរជើងនេះ។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរ ការសាង សង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ច សហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ក្រោយសាងសង់ស្ពាន អាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើន សុវត្ថិភាព ដល់អ្នកថ្មើរជើងផងដែរ៕
(រូបទី១ ៖ ស្ពានអាកាសស្តុបផ្សារដីហុយ រូបទី២ ៣ និង៤ ជាស្ពានថ្មើរជើង)