ភ្នំពេញ ៖ ជនជាតិចិនចូលមកជ្រកកោណ ធ្វើការងារ ដោយខុសច្បាប់ គ្មានឯកសារត្រឹមត្រូវទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ ហើយកន្លងមកជនជាតិចិនប្រុស-ស្រីទាំងនោះ ក្រោយពីសមត្ថកិច្ចជំនាញ ស្រាវជ្រាវត្រួតពិនិត្យ ពុំមានឯកសារស្នាក់នៅ ធ្វើការងារមិនស្របច្បាប់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនដើម្បីសុំគោលការណ៍ពីក្រសួងមហាផ្ទៃ និងនគរបាលប្រទេសចិន បញ្ជូនវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដូចនៅក្នុងពេលថ្មីៗនេះ ជនជាតិចិនចំនួន៨៩នាក់ ក្នុងនោះមានស្រី១៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ហើយត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសចិនវិញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តាមជើងយន្តហោះមកពីប្រទេសចិន ។
តាមប្រសាសន៍លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសានេះថា ជនជាតិចិនទាំង៨៩នាក់ ក្នុងនោះស្រី១៥នាក់ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨កន្លងមកនៅ អាគារខុនដូលេខ៩៧ ផ្លូវលេខ៣៣៦ កែង២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពាក់ព័ន្ធទៅនឹងករណីគំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធីណែត និងចូលមកស្នាក់នៅ ធ្វើការងារដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ និងនគរបាលសាធារណរដ្ឋប្រជាមានិតចិន សម្រេចឲ្យបញ្ជូនជនទាំងនោះទៅប្រទេសដើមវិញ ដោយចែកជា២វ៉ុល នៅវេលាម៉ោង២រសៀលបញ្ជូនជនជាតិចិនចំនួន៣៤នាក់ ស្រី១៥នាក់ និងនៅវេលាម៉ោង៧យប់ថ្ងៃដដែលនេះ បញ្ជូនជនជាតិចិនចំនួន៥៥នាក់ បន្ថែមទៀត ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានផ្តាំផ្ញើរជូនដល់ជនជាតិចិនទាំងនោះ ធ្វើយ៉ាងណាកុំឲ្យចាញ់បោកមេខ្យល់ ដែលល្បួងនាំមកធ្វើការងារក្ន៧ងប្រទេសកម្ពុជា ដោយគ្មានច្បាប់ គ្មានលិខិតឆ្លងដែន គ្មានឯកសារត្រឹមត្រូវ ធ្វើយ៉ាង ឲ្យមានល៨ខិតឆ្លងដែន មានច្បាប់ការងារត្រឹមត្រូវ ដើម្បីធ្វើការងារក្រៅប្រទេសស្របច្បាប់ ៕