ធនាគារ ADB ដំឡើង​ការ​ព្យាករ​ណ៌​សេដ្ឋកិច្ច​តំបន់​អាស៊ី​កើន​ដល់​៦​ភាគរយ​នៅ​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍ​ន៌​អាស៊ី បាន​តម្លើង​ការ​ព្យាករ​ណ៌ ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី កើន​ដល់​៦​ភាគរយ​ក្នុងឆ្នាំនេះ ដោយសារ​មើលឃើញ​ពី​កំណើន​តម្រូវការ​ទំនិញ​នាំចេញ​ពិភពលោក តែ​ធនាគារ​នេះ​បាន​រំឭក​ពី​ហានិភ័យ​ដែល​បង្កឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង សហរដ្ឋអាមេរិក​ផងដែរ​។​

​របាយការណ៍​ថ្មី របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ី ដែល​នឹងមាន​កំណើនសេដ្ឋកិច្ច ៦ ភាគរយ​ក្នុងឆ្នាំនេះ ខណៈដែល​ការ​ព្យាករ​ណ៌​របស់​ធនាគារ ADB កាលពី​ចុងឆ្នាំ​២០១៧ បានកំណត់​ត្រឹម ៥,៧ ភាគរយ ប៉ុណ្ណោះ​។ ធនាគារ ADB ក៏បាន​ព្យាករ​ណ៌​ដែរ​ថា កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី ក្នុង​ឆ្នាំ ២០១៩ នឹងមាន ៥,៩ ភាគរយ​។

​ទន្ទឹមនេះ ការ​តម្លើង​អាត្រា​កំណើនសេដ្ឋកិច្ច​នេះ ធនាគារ ADB ក៏បាន​បង្ហាញ​ផងដែរ​ពី​ផលប៉ះពាល់​នៃ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការងារ​ក្នុង​តំបន់​នេះ ដែល​ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា អាចធ្វើ​ឲ្យ​វិសមភាព​ដែលមាន​រួច​ជា​ស្រាប់​ហើយ​នោះ​កាន់តែ មាន​ខ្លាំង​ឡើង​ថែមទៀត​។

​ការ​ព្យាករ​នេះ កើតមានឡើង​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​កើនឡើង​រវាង​ប្រទេស ចិន និង សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក និង ជា​ប្រទេស​សំខាន់​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​សកល​។

​គួរ​កត់សំគាល់ថា គិត​ចាប់តាំងពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដាក់ចេញ​គោលនយោបាយ​គាំពារ​និយម ដែល​តម្លើង​អត្រាពន្ធ​លើ​ការ​នាំចូល ដែកថែប និង អាលុយមីញ៉ូម ចាប់តាំងពី​ដើមខែ​មីនា​មក បានធ្វើអោយ​ប្រទេស​ចិន ឆ្លើយតប​វិញ ដោយ​ប្រទេស​ចិន ក៏បាន​ប្រកាសថា​នឹង​តម្លើង​អាត្រា​ពន្ធ លើ​ទំនិញ​សំខាន់ៗ​មួយចំនួន ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក ដូចគ្នា​ផងដែរ​៕
​