ភ្នំពេញ ៖ វិនិយោគិន មួយក្រុមមកពីខេត្តស៊ីឈួន ប្រទេសចិន ដែលបានបោះទុនវិនិយោគលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ធំមួយ នៅអំឡុងខែ មិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែមេសា នេះ លោក លី តុងឈួន អគ្គលេខាធិការជំរុញ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៃខេត្តស៊ីឈួនប្រទេសចិន និងជាអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ បានអោយដឹងថា ពិព័រណ៍នៅឆ្នាំនេះនឹងធ្វើតាមយុទ្ធសាស្ត្រនៃ ” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” សម្រាប់កសាងវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ពង្រីកទំហំថ្មីសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលផ្តោតសំខាន់លើគ្រឿងសង្ហារឹម សម្ភារៈគ្រឿងសំណង់ សម្ភារៈបន្ទប់ទឹក ផលិតផលសេរ៉ាមិច ភ្លើងចង្កៀងបំភ្លឺ គ្រឿងសង្ហារឹម ឥតការ៉ូ ថ្មម៉ាប ថ្នាំលាបថ្នាំបៀកជាដើម ដែលសុទ្ធសឹងជាមានម៉ាកល្បី ៗ ក្នុងប្រទេសចិន រួមជាមួយនឹងព្រឹត្តិការណ៍លក់បញ្ចុះដម្លៃជាច្រើនក្នុងពិព័រណ៍នេះ ។
លោកបន្តថា កម្ពុជាគឺជាប្រទេសសំខាន់មួយដែលខេត្តស៊ីឈួនចូលរួមក្នុងកសាងយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលមានតម្រូវការយ៉ាងធំនៅក្នុងវិស័យគ្រឿងសង្ហារឹម សម្ភារៈគ្រឿងសំណង់ កសិកម្ម គ្រឿងចក្រជាដើម ដែលផលិតផលភាគច្រើនផ្អែកលើការនាំចូល ដែលនាំមកនូវការអភិវឌ្ឍយ៉ាងធំសម្រាប់ឱកាសអាជីវកម្ម និងកន្លែងខ្វះចន្លោះ ។
លោករំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍មួយនេះ នឹងអាចជំរុញអោយសកម្មភាពពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា កាន់តែទូលំទូលាយ និងអាចពង្រីកកិច្ចសហការជាមួយប្រទេសកម្ពុជា និងចិនបន្ថែមទៀតអោយស្របទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាំងពីរ ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈសកម្មភាពនេះ បាន ស បញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនចិន មកលើស្ថានភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជា បានរក្សានូវស្ថានភាព និងស្ថេរភាពល្អ ទាំងសេដ្ឋកិច្ច និងនយោបាយ សម្រាប់ទាក់ទងវិនិយោគិនបរទេសនានា ។
លោកបន្តថា វិនិយោគិនបរទេសមួយចំនួន ដែលមិនទាន់បានមកដល់ប្រទេសកម្ពុជា ហាក់មានការរារែក បន្តិច ដោយសារតែមានអ្នក តែងនិយាយអាក្រក់ពីកម្ពុជា ដែលជាការបំផ្លៃពីការពិត។ ក៏ប៉ុន្តែជាក់ស្តែងនៅពេលអ្នកវិនិយោគ មកដល់កម្ពុជាផ្ទាល់ ពួកគេនឹងមិនរារែកក្នុងចិត្តទៀតទេ ពោលពួកគេនឹងបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសមួយនេះ ។ ដោយសារកម្ពុជា មានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនវិនិយោគិន ហើយអ្វីដែលពិសេសនោះ កម្ពុជាក៏បានកសាងហេដា្ឋរចនាសម្ព័ន្ធ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដេក និងផ្លូវអាកាស សម្រាប់ដឹកជញ្ជូន ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយនេះ នឹងផ្ដោតទៅលើវិស័យសំណង់ ស្របពេលវិស័យមួយនេះ កំពុងដើរនាទីសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ច និង ផលិតផលក្នុងស្រុកសរុប ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេងទូប៉ាយី គ្រុប ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ រំពឹងថានឹងមានក្រុមហ៊ុនចូលរួមតាំងបង្ហាញសម្ភារៈសំណង់ គ្រឿងសង្ហារឹម និងផលិតផលទាក់ទងនឹងសំណង់យ៉ាងតិចណាស់ ក៏១០០ក្រុមហ៊ុនដែរ ៕