ភ្នំពេញ ៖ ស្របពេលដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប ទទួលបានជោគជ័យក្នុងរយៈពេល៦ឆ្នាំមកហើយ គិតមកដល់ឆ្នាំ២០១៨នេះ។ ព្រឹត្តិការណ៌វប្បធម៌ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គមសម្រាប់ខេត្តសៀមរាបផងេ និងប្រយោជន៌ជារួមក្នុងប្រទេសកម្ពុជាផង។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចាត់ទុកថា ការផ្សព្វផ្សាយ វប្បធម៌នៃព្រឹត្តិការណ៌អង្គរសង្ក្រាន្ត គឺជាឃោសនិកទេសចរណ៌យ៉ាងសំខាន់ក្នុងការជំរុញអោយមានកំណើនភ្ញៀវទេសចរទាំងនៅខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនេះ ឥទ្ធិពលនៃព្រឹត្តិការណ៌អង្គរសង្ក្រាន្ត បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញអោយមានកំណើនសេដ្ឋកិច្ច សង្គម នៅកម្ពុជា ។ ជាក់ស្តែង ឧត្តមភាពនៃព្រឹត្តិការណ៌អង្គរសង្ក្រាន្ត បានបង្កើនចំនួនអ្នកទេសចរចូលរួម ពីចំនួន ជិត១៨ម៉ឺននាក់ ក្នុងឆ្នាំ២០១៣ កើនដល់១លាន៦សែននាក់ក្នុងឆ្នាំ២០១៧ និងកើនដល់ ២លាននាក់ក្នុងឆ្នាំ២០១៨នេះ។ ឯកឧត្តម ឃឹម ប៊ុនសុង បានបញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចំហរជើងមេឃ ទើបជម្រុញខេត្តសៀមរាប ក្លាយជាទីផ្សារទេសចរណ៌ដ៏មានសក្តានុពល និងជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ។ កត្តានេះបានធ្វើអោយខេត្តសៀមរាប ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។
បើមើលកាលពីក្នុងឆ្នាំ២០០២ ខេត្តសៀមរាបមានតែជើងហោះហើរអន្តរជាតិចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែពេលបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៌ជាតិ អន្តរជាតិ ចំនួន៣១ក្រុមហ៊ុន ដោយមានជើងហោះហើរក្នុងមួយថ្ងៃគិតជាមធ្យម៧០ជើង។ ចំណែកចំនួនអ្នកទេសចរណ៌ ក្នុងឆ្នាំ២០១៧ ខេត្តសៀមរាបទទួលបាន សរុបជាង ៥លាន៥សែន៤ម៉ឺននាក់ កើនឡើង៩.៩៣ភាគរយធៀបនឹងឆ្នាំ២០១៦។
ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ មានភ្ញៀវទេសចរ ជាង១លាន២សែន៤ម៉ឺននាក់ កើនឡើង ៤.៩៥ភាគរយធៀបនឹងត្រីមាសទី១ឆ្នាំ២០១៧។ ទន្ទឹមនេះ សេវាដែលបម្រើអោយវិស័យទេសចរណ៌ ក៏បានកើនឡើងជាលំដាប់ដែរ ដោយបច្ចុប្បន្ន ខេត្តសៀមរាបមានសណ្ឋាគារ ចំនួន២២០កន្លែង! អាផាតម៉ិន៩កន្លែង! ផ្ទះសំណាក់២៩៦កន្លែង! ភោជនីយដ្ឋាន១៧១កន្លែង! ហាងម៉ាស្សា ៥០កន្លែង! ភ្នាក់ងារទេសចរណ៌ ២៨៨សាខា! មគ្គុទេសក៏ទេសចរ ៤៨៣៤នាក់! សាលាបណ្តុះបណ្តាលធនធានមនុស្ស៦កន្លែង! រម្មនីយដ្ឋាន៣៥កន្លែង! និងមធ្យោបាយដឹកជញ្ជូន សរុប៦២៣គ្រឿង រួមមានដូចជា តាក់ស៊ី ម៉ូតូឌុប និងកាណូត ដែលត្រូវបានចងក្រងជាសមាគម។
ទីលានវាយកូនហ្កោលខ្នាតអន្តរជាតិចំនួន៣! ការរីកចម្រើនក្នុងវិស័យទេសចរណ៌នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ២៨ម៉ឺននាក់ ក្នុងនោះ មានប្រជាពលរដ្ឋបម្រើការរងារផ្ទាល់ក្នុងវិស័យទេសចរណ៌ផ្ទាល់ ប្រមាណ៨ម៉ឺននាក់ និងដោយប្រយោលប្រមាណ២០ម៉ឺននាក់។ អភិបាលខេត្តសៀមរាប បានអោយដឹងថា ទោះជាយ៉ាង ខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់ ក្នុងការរៀបចំសោភ័ណ្ឌភាព និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអោយសាកសមជាទីក្រុងបៃតង៕