ភ្នំពេញ ៖ គម្រោងសាងសង់អាគារភ្លោះ ថៃប៊ុនរ៉ុង កំពស់ជាង៥៦០ម៉ែត្រ ដែលជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ជាងគេនៅតំបន់អាស៊ាន ត្រូវបានបង្កើនទំហំ វិនិយោគឡើងដល់ជាង៦ពាន់លានដុល្លារអាមេរិក ដើម្បីអោយគម្រោងនេះអាចទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗចូលមកប្រទេសកម្ពុជា។
គម្រោងសាងសង់អាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង កំពស់១៣៣ជាន់ រឺស្មើនឹងកម្ពស់៥៦០ម៉ែត្រ ត្រូវបាន បង្ហាញកាលពីពេលកន្លងមកថានឹងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៏ ក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយ ដោយ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និង ក្រុមហ៊ុនដៃគូ បានបើកដំណើរការជីកជញ្ជាំងទប់ដីនៅជុំវិញការដ្ឋានសាងសង់អាគារនេះជាមុនសិន។ បើទោះបីគម្រោងសាងសង់អាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង មិនទាន់កំណត់ការចាប់ផ្តើមសាងសង់ ច្បាស់លាស់ក្តី ប៉ុន្តែគម្រោងដ៏ធំ ដែលធ្លាប់បង្ហាញថា នឹងចំណាយ ទុនវិនិយោគចំនួន៥ពាន់លាន់ដុល្លារនេះ ត្រូវបានបង្ហាញថាចុងក្រោយថ្មីៗនេះថានឹង បង្កើនទុនវិនិយោគ ឡើងដល់ជាង៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ របស់ គេហទំព័រ Property Area Asia.com ។
បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងនិងជាស្ថាបត្យករដែលចូលរួមគូប្លង់ក្នុងគំរោងដ៏ធំមួយនេះ លោកសាស្ត្រាចារ្យ ទួស សាភឿន បានអោយដឹងថា ការចំណាយសម្រាប់ការសាងសង់អាគារទាំងមូល មានទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ និង៣ពាន់លានដុល្លារទៀតគឺសំរាប់ការរៀបចំធ្វើយ៉ាងណាឲ្យអាគារនេះដំណើរការដោយជោគជ័យ។ការបង្កើនទុនវិនិយោគក្នុងគម្រោងនេះ គឺដោយសារ មានការរៀបចំឌីសាញឡើងវិញ និងការសិក្សាយ៉ាងម៉ត់ចត់ ដើម្បីធ្វើអោយ អាគារនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា អគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ មិនត្រឹមតែមានតែអាគារភ្លោះកំពស់ជាង៥៦០ម៉ែត្រប៉ុណ្ណោះទេ គំរោងនេះក៏មានអាគាររណបចំនួន៤ទៀតកំពស់៤៥ជាន់ ស្ថិតនៅជុំវិញអាគារភ្លោះនេះដែរ។ គម្រោងអាគារពាណិជ្ជកម្មខ្ពស់ជាងនៅតំបន់អាស៊ានដែលស្ថិតក្នុងប្រទេសកម្ពុជានេះ នឹង ផ្តល់សេវាកម្មចម្រុះលំដាប់អន្តរជាតិ មានដូចជា ផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិនកម្រិតផ្កាយ៥ អូតែលកម្រិតផ្កាយ៦ ខុនដូប្រណីត សេវាកម្មហាត់ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិ កន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម។
អ្នកជំនាញខាងសេដ្ឋកិច្ច មើលឃើញថា នៅពេលគម្រោងអាគារនេះសាងសង់រួចរាល់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ហើយក្រុមហ៊ុនអន្តរជាតិល្បីៗ នឹងមកបោះទីតាំងនៅលើអាគារនេះ ព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិ ច្រើនចូលមកដាក់ការិយាល័យនៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយាល័យលំដាប់អន្តរជាតិនៅឡើយ។
តាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនលំដាប់អន្តរជាតិប្រមាណ៩០ក្រុមហ៊ុន បាននិងកំពុងវិនិយោគនៅកម្ពុជា ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិធំៗទាំង៥០០នៅក្នុងពិភពលោក៕