ភ្នំពេញ ៖ ខណៈដែលរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា មានតម្រូវការជាមធ្យមប្រមាណជា5ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំៗ តម្រូវការ អាផាតមិន ក៏កាន់តែកើនឡើងច្រើនផងដែរ ដោយអ្នកជំនាញអចលនទ្រព្យ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន នៅរាជធានីភ្នំពេញមាន អាផាតម៉ិន ចំនួន ៣៦៥គំរោង។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Century21 Mekong បាននិយាយឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ នៅរាជធានីភ្នំពេញមានអាផាតម៉ិនចំនួន៣៦៥គំរោង ក្នុងនោះ អាផាតម៉ិនចំនួន១៤៨ ត្រូវបានបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការហើយ ដែលធ្វើឲ្យទីផ្សារ កាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំង។ បើទោះបីជាកំនើននៃការផ្គត់ផ្គង់ និងសាងសង់ក្តី ប៉ុន្តែតម្លៃជួលអាផាតម៉ិនទាំងនោះមិនបានធ្លាក់ចុះនោះទេ ដោយសារចំនួនអ្នកជួលនៅតែកើនឡើងនៅក្នុងទីផ្សារនេះ។
តាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទព្យ បង្ហាញថាក្នុងអាផាតម៉ិនមួយបន្ទប់គេងនៅតំបន់ទួលទំពូង និងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ អាចជួលបានក្នុងតម្លៃចន្លោះ៤០០ទៅ៧០០ដុល្លារអាមេរិក។
ចំណែកអាផាតម៉ិនដែលមានពីរបន្ទប់គេងមានតម្លៃចន្លោះពី៧០០ ទៅ១៥០០ដុល្លារអាមេរិក។ និងអាផាតម៉ិន មាន៣បន្ទប់គេងមានតម្លៃចន្លោះពី១៥០០ ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយខែ។ មូលហេតុដែលមានកំណើននៃតម្រូវការស្នាក់នៅក្នុងអាផាតមិននេះ គឺដោយសារ កំនើនអ្នកវិនិយោគអន្តរជាតិ និងអ្នកជំនាញអន្តរជាតិកាន់តែច្រើន ចូលមករស់នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា សម្រាប់រយៈពេល 15ឆ្នាំទៀត គិតចាប់ពីឆ្នាំ 2015 ដល់ 2030 តម្រូវការលំនៅដ្ឋានសម្រាប់ក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា មានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដោយសារតម្រូវជាមធ្យម ក្នុងមួយឆ្នាំៗ មានប្រមាណជា 5ម៉ឺនលំនៅដ្ឋាន ៕