ព្រះសីហនុ ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសភ្ញៀវជាតិ ដែលបានទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច មានទីតាំងនៅភូមិកោះតូច សង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ បានសំដែងការអបអរសារទរខណៈពេលដែលឃើញអាជ្ញាធរដឹកនាំកម្លាំងចុះធ្វើអនាម័យតាមឆ្នេរខ្សាច់កោះតូច ប្រចាំសប្តាហ៍។
លោក ឈឺន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម ដឹកនាំក្រុមការ រដ្ឋបាលសង្កាត់ រួមសហការ ជាមួយនិង បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ចុះសំអាតអនាម័័យតាម ឆ្នេរខ្សាច់ ក្នុងមួយសប្តាហ៍២ដង ដើម្បីអោយ ទឹកសមុទ្រនៅឆ្នេរខ្សាច់នេះ គ្មានក្លិនស្អុយ ហើយគ្មានរមាស់ស្បែក នៅពេលពួកចុះងូតទឹកសមុទ្រ។
ភ្ញៀវទេសចរជាតិជាច្រើននាក់មានប្រសាសន៍ថា ពួកគាត់បាននាំក្រុមគ្រួសារធ្វើដំណើរពីរាជធានីភ្នំពេញ ទៅសម្រាក លំហែនៅឆ្នេរកោះតូច រៀងរាល់មានថ្ងៃបុណ្យទាន និងថ្ងៃឈប់សំរាក ដើម្បីស្រូបយកខ្យល់អាកាស ដ៏ល្អបរិសុទ្ធ និងងួត ទឹកដ៏ថ្លាឈ្វេងនៅទីនោះ។
ប៉ុន្តែបើទោះបីយ៉ាងនេះក្តីក៏នៅមាន ភ្ញៀវទេសចរធ្វើដំណើរពីរាជធានីភ្នំពេញមួយក្រុម ដែលបានចូលទៅទស្សនាឆ្នេរកោះតូច កាលពីដើមខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារ និងភ្ជាប់ដោយរូបថតឆ្នេរកោះតូចផង នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានខ្លឹមសារថា ចូលមកដល់ឆ្នេរកោះតូចភ្លាមទទួលក្លិនស្អុយពេញច្រមុះ ព្រោះឆ្នេរគ្មានអនាម័យ និងមានអារម្មណ៍ធុញទ្រាន់មិនចង់មកលេងឆ្នេរកោះតូច នៅលើកោះរុងនេះទៀតទេនាថ្ងៃខាងមុខ។
ដំបូងឡើយ ភ្ញៀវទេសចរមួយក្រុមនេះ មិនដឹងថា ក្លិនស្អុយនោះ ជាក្លិនអ្វី និងចេញមកពីប្រភពណាទេ…? ប៉ុន្តែក្រោយមកទើបពួកគេដឹងថា ក្លិនស្អុយនោះ គឺបានភាយចេញមកពីឆ្នេរខ្សាច់កោះតូច ដែលមានខ្សាច់សក្បុស ត្រូវម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ទីតាំងក្រុងហ៊ុនផ្សេងៗ និងហាងលក់ទំនិញជាដើម បានបង្ហូរទឹកស្អុយចូលសមុទ្រគ្មានសណ្តាប់ធ្នាប់។
ភ្ញៀវទេសចរទាំងនោះ បានសំណូមពរដល់អភិបាលក្រុង និងអភិបាលខេត្តព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ការសង់សំណង់រឹងមាំ ឬរុះរើសំណង់រឹងមាំផ្សេងៗ ដែលបានសង់នៅតាមឆ្នេរខ្សាច់កោះតូច និងក្នុងទឹកសមុទ្រ ដើម្បី សង្គ្រោះប រិស្ថានឆ្នេរកោះតូចឲ្យមានអនាម័យ និងសោភណភាពដូចដើមវិញ។
ដើម្បីឆ្លើយតាម នៅនិង បញ្ហានេះដែរ លោក ឈឺន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម បានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ប្រចាំខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១៩និង ០០នាទីនាថ្ងៃទី១៣ ខែ មេសា ម្សិលមិញនេះ ថា៖ ចំពោះបញ្ហានេះកខ្វក់នេះដែរ លោកថា៖មានកត្តាពីយ៉ាង កត្តាទីមួយបើការខ្វក់នេះ បណ្តាលមកពី កត្តាមនុស្ស លោកអាចណែនាំ អោយពួកគាត់ចូលរួមសំអាតបាន។ តែបើសិនមកពីកត្តាធម្មជាតិវិញ មានន័យថា មានខ្យល់បក់បោក រលកធំៗ នាំយក សំរាមពី គ្រប់ទិសទីលោក មិនអាចណែនាំបានទេ ត្រង់ចំណុចកន្លែងនេះហើយធ្វើអោយលោកឈឺក្បាលនោះ។
ចំណែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកធ្លាប់មានប្រសាសន៍ថា រដ្ឋបាលខេត្តធ្លាប់ចុះណែនាំដល់ប្រជាពលរដ្ឋ និងអាជីវកររស់នៅតាមឆ្នេរនេះ មិនឲ្យបន្តសង់សំណង់រឹងមាំថ្មីនៅតាមឆ្នេរកោះតូចនេះទៀតទេ ប៉ុន្តែចំពោះសំណង់រឹងមាំដែលសង់រួច ឬជាសំណង់ចាស់ៗ ត្រូវរក្សាឲ្យនៅសភាពធម្មតាសិន ដើម្បីរង់ចាំដោះស្រាយនៅថ្ងៃខាងមុខ។
លោកថា ចំពោះបញ្ហាបរិស្ថាននៅឆ្នេរកោះតូចនេះ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ មានក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលក្រុង-ខេត្ត និងអាជ្ញាធរសង្កាត់កោះរុង ក៏ធ្លាប់ចុះណែនាំអាជីវករនៅតាមឆ្នេរកោះតូច ឲ្យជួយថែរក្សាបរិស្ថានឆ្នេរនេះជាប្រចាំ។ ជាងនេះទៀត ក៏ហាមមិនឲ្យបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុន និងហាមមិនឲ្យនាំយកតុកៅអីទៅដាក់លក់ដូរចំណីអាហារផ្សេងៗជូនភ្ញៀវនៅលើឆ្នេរខ្សាច់កោះតូចទៀតទេ ព្រោះនាំឲ្យខូចសោភណភាពឆ្នេរជាដើម។
លោក យន្ត មីនបានបន្តថា៖ លោក បានរំឭកដល់អាជីវករលក់ដូរនៅតាមឆ្នេរសមុទ្រទាំងអស់ ឲ្យរួមសហការគ្នាថែរក្សាសម្អាតអនាម័យឆ្នេរ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ ដើម្បីឲ្យឆ្នេរសមុទ្រ និងទីសាធារណៈ ក្នុងទីប្រជុំជនខេត្តនេះមានសោភណភាពល្អ និងទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុកើនច្រើនថែមឡើងថែមទៀតនាបណ្តាឆ្នាំខាងមុខៗ៕