ភ្នំពេញ ៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨នេះ ចំនួនប្រជាជនកម្ពុជា ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង៥លាននាក់។ កំណើននេះ គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏កើនឡើងផងដែរ។
ក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ បញ្ចប់ទៅ ក្រសួងទេសចរណ៍ បានបូកសរុបរបាយការណ៍ទេសចរណ៍ ដែលបង្ហាញថា មានភ្ញៀវទេសចរជាតិ-និងអន្តរជាតិមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានា កើនឡើងដល់ ចំនួនជាង 5លាន2សែននាក់ ។ ក្នុងទិន្នន័យដដែលបានបង្ហាញទៀតថា សម្រាប់គោលដៅសំខាន់ៗដែលភ្ញៀវទេសចរសម្រុកទៅកម្សាន្តច្រើនជាងគេរួមមាន6ទៅតាំង ដែលក្នុងនោះរួមមានដូចជា ៖ ទី1- ខេត្តសៀមរាប ដែលមានការប្រារព្វអង្គរសង្ក្រាន្ត មានជាង២លាន៦ម៉ឺននាក់ (2,062,749)។ ទី2- តំបន់ឆ្នេរ រួមមាន(ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងខេត្តកែប) មានភ្ញៀវជាតិទៅកំសាន្ត 45 ម៉ឺននាក់ ភ្ញៀវអន្តរជាតិ ជាង 2ម៉ឺន៥ពាន់នាក់។ ទី3- តំបន់អេកូទេសចរណ៍ នៅភូមិភាគឥសាន្ត រូមមាន (ខេត្តក្រចេះ មណ្ឌលគិរី រតនៈគិរី និងស្ទឹងត្រែង) មានភ្ញៀវជាតិជាង 24,000 នាក់ និងភ្ញៀវអន្តរជាតិជាង2,400នាក់។ ទី4- តំបន់កម្សាន្តតាមបណ្តាខេត្តនៅផ្លូវជាតិលេខ5 រួមមាន (ខេត្តបាត់តំបង ប៉ៃលិន និងខេត្តពោធិសាតិ) មានភ្ញៀវជាតិជាង 81ម៉ឺន នាក់ ដោយមានភ្ញៀវអន្តរជាតិជាង1ពាន់នាក់ ។ ទី5 – តំបន់ទេសចរណ៍ដទៃទៀត មានដូចជា (ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ) ទទួលបានភ្ញៀវទេសចរជាង1លាន4សែននាក់ ខណៈដែលភ្ញៀវអន្តរជាតិ មានប្រមាណជាង 9ពាន់ នាក់។ ទី6- តំបន់រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិប្រមាណ 167,560 នាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង1ម៉ឺននាក់ ។
គួរបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា កត្តាសំខាន់ដែលផ្តល់លទ្ធភាព និង ឳកាសដល់ប្រជាពលរដ្ឋកម្ពុជា អាចចូលរួមសប្បាយរីករាយក្នុងក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺដោយសារ កម្ពុជាមានចំនុច៤យ៉ាង ៖ ទី១. កត្តាសន្តិភាព និងការបង្រួបបង្រួមគ្នាទាំងស្រុង។ ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កាន់តែប្រសើរ ដែលអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ មានភាពងាយស្រួល។ ទី៣. មានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ទាំងកម្មសិទ្ធឯកជន និង ការដឹកជញ្ជូនសាធារណៈ ។ ទី៤. ប្រជាពលរដ្ឋមានប្រាក់ចំណូលកាន់តែច្រើន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មកររោងចក្រវាយនភ័ណ្ឌ៕