កំពង់ចាម ៖ ដោយសារខឹងនឹងប្តីមានស្រី ស្ត្រីម្នាក់បានជះទឹកអាស៊ីតទៅលើប្តី បណ្តាលឲ្យរលាកពេញខ្លួនរហូតបាត់បង់ជីវិត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីជះទឹកអាស៊ីត ដែលបានកើតឡើងនៅចំណុចភូមិអូជ្រូក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបង្កដោយស្ដ្រីជនដៃដល់ម្នាក់ជាប្រពន្ធរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃឈរ សហការជាមួយជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងផែនព្រហ្មទណ្ឌ។
លោកឩត្តមសេនិយ៍ ស្នងការបញ្ជាក់ថា ស្ដ្រីជនដៃដល់ឈ្មោះ ពិន ជា អាយុ៤៤ឆ្នាំ រស់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដតាមនីតិវិធី។
តាមចំលើយសារភាពរបស់ស្រី្តដៃដល់ បានបញ្ជាក់ថា ការធ្វើបែបនេះគឺមកពីនាងខឹងនឹងប្តីមានស្រី។ លោកស្នងការបានបញ្ជាក់ថា ករណីជះទឹកអាស៊ីតនេះ កើតឡើងកាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូជ្រូក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទៅលើជនរងគ្រោះជាប្ដីឈ្មោះ មិន នុន អាយុ៤១ឆ្នាំ កំពុងដេកនៅលើផ្ទះ បណ្តាលស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ៕