ភ្នំពេញ ៖ ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងបើកកិច្ចប្រជុំនៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបានបញ្ជូនមកពីពន្ធនាគារ និងមណ្ឌលឃុំឃាំងចំនួន២២កន្លែងនៅទូទាំងប្រទេស ដើម្បីដាក់បញ្ចូលក្នុងការស្នើសុំបន្ធូរបន្ថយ និង លើកលែងទោស នាឱកាសបុណ្យពិសាខបូជា នាពេលខាងមុខនេះ។ ទណ្ឌិតដែលនឹងត្រូវលើក យកមកពិនិត្យមានចំនួន២២៨នាក់ ក្នុងនោះមានស្ត្រីចំនួន១៨នាក់។ នេះបើតាមការបញ្ជាក់ របស់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព បញ្ជាក់ថា ឯ.ឧ អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ ខែមេសា ខាងមុខនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យពិសាខបូជា ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន១៨) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) លើបញ្ជីទណ្ឌិតស្នើសុំសរុប ២២៨នាក់ ក្នុងនោះមានស្ត្រីចំនួន១៨នាក់ ។
សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមានបុណ្យជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យចូលឆ្នាំខ្មែរ ជាដើម ក្រសួងយុត្តិធម៌ តែងតែបានពិនិត្យបញ្ជីទណ្ឌិតដែលត្រូវធ្វើការបន្ធូរបន្ថយ និងលើកលែងទោស។ ជាក់ស្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ គណៈ កម្មការជាតិបានពិនិត្យ និងសម្រេចស្នើសុំការអនុគ្រោះទោសដល់ទណ្ឌិតចំនួន៥០រូប (មានស្ត្រី៦រូប) ក្នុងនោះបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៤២រូប (ស្ត្រី៥រូប) និងលើកលែងទោសដល់ទណ្ឌិតចំនួន៨រូប(ស្ត្រី១រូប) ក្នុងចំណោមបញ្ជីដែលបានស្នើសុំពីគណៈកម្មការក្រសួងមហាផ្ទៃចំនួន៣២១រូប ៕