ព្រះសីហនុ ៖ នៅក្នុងដំណើរទៅកាន់កោះរ៉ុង នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃច័ន្ទនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាគឺដោយសារគោលបំណងចំនួនពីរ ទី១ ដើម្បី សម្ពោធសណ្ឋាគារលំដាប់ផ្កាយប្រាំ ឌឺ រោះយ៉ាល់ សេន កោះរ៉ុង និងទី២ គឺដើម្បីចេញបទបញ្ជាបញ្ចប់បញ្ហាដីធ្លី និងការកាប់ទន្ទ្រានយកដីយ៉ាងអណាធិបតេយ្យនៅលើកោះរ៉ុងតែម្តង។
នៅក្នុងឳកាសអញ្ជើញជាអធីបតី ក្នុងពិធីសម្ពោធបើកដំណើរការ សណ្ឋាគារលំដាប់ផ្កាយ៥ ឌឺ រ៉ូយ៉ាល់ សេន កោះរ៉ុង (De Royal Sand Koh Rong) ដែលស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនផ្តល់សេវាទេសចរណ៌ នៅលើកោះរ៉ុង ចូលរួមរក្សាបរិស្ថានលើកោះនេះ ជាក់ស្តែងដូចជា សណ្ឋាគារ De Royal Sand Koh Rong បានគិតគូរយ៉ាងល្អពីបរិស្ថាន ដូចជា ការប្រើម៉ាស៊ីនដុតសម្រាម ការសំអាតឆ្នេរជាប្រចាំ និង ការប្រើថាមពលសឡាជាដើម។ ទន្ទឺមនោះ សម្តេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ដី និងធនធានធម្មជាតិនៅលើកោះ គឺជាសម្បត្តិរបស់រដ្ឋ ហើយគ្រាន់តែរដ្ឋផ្តល់ជូនអ្នកនិយោគសម្រាប់អភិវឌ្ឍក្នុងរយៈពេលកំណត់ប៉ុណ្ណោះ ដែលការបញ្ជាក់នេះគឺកុំអោយមានការយល់ច្រលំបន្តទៀត រហូតកើតមានជម្លោះរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនវិនិយោគ ដូចពេលកន្លងមក។
សម្តេចតេជោ បានចាត់ទុកថា កោះរ៉ុងគឺជាតំបន់ក្តៅជាងគេក្នុងបញ្ហាជម្លោះដីធ្លី ដូចនេះដើម្បី ពន្លត់ភ្លើងនេះបាន សម្តេចតេជោបានដាក់វិធានការ អោយបញ្ឈប់សកម្មភាពការទន្ទ្រានយកដីលើកោះ និងបញ្ជាអោយអាជ្ញាធរខេត្តព្រះសីហនុ រួមនិងរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវដោះស្រាយបញ្ហាដីធ្លីដោយភាពទន់ភ្លន់ គឺត្រូវពិនិត្យមើលរវាងប្លង់មេជាមួយនឹងសណ្ឋានដីជាក់ស្តែង ជាពិសេសក៏ត្រូវពិនិត្យអោយច្បាស់ផងដែរថា អ្នកទាមទារដីទាំងនោះជាប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៌លើកោះរ៉ុងនេះពិតរឺអត់។គោលបំណងមកពេលនេះ គឺចង់ពន្លត់ភ្លើងលើកោះរ៉ុង ! ចង់មើលថាអ្នកធំណាំនៅពីក្រោយខ្នង! ត្រូវគោរពតាមប្លង់មេ ដោយមានភាពទន់ភ្លន់….. ហើយអ្នកមិនមែនជាប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង មុនឆ្នាំ២០០៨ គូរតែចាញ់! កោះរ៉ុងជាតំបន់ក្តៅជាងគេ រឿង បញ្ហាដីធ្លី ។
តាមការថ្លែងបញ្ជាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន នៅលើកោះរ៉ុង មាន១២២១ក្បាលដី ដែលត្រូវបានវាស់វែងកាលពីឆ្នាំ២០១២ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលបានចេញប័ណ្ណកម្មសិទ្ធទើបបានចំនួន ៦៣៧ក្បាលដី ដែលមានទំហំប្រមាណ ៥២៥ក្បៀស២៥ហិកតា ប៉ុណ្ណោះ ទៅអោយប្រជាជន ២៩៤គ្រួសារ! នៅសល់ ៥៨៤ក្បាលដីទៀត មិនទាន់ចេញប័ណ្ណកម្មសិទ្ធបាន ដោយសារក្បាលដីខ្លះនៅមានបញ្ហានៅឡើយ។ គួរបញ្ជាក់ថា កោះរ៉ុង មានទំហំ៧៨គីឡូម៉ែត្រក្រឡា ជាកោះធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា មានចមង្ងាយប្រមាណ២២ គីឡូម៉ែត្រពីខេត្តព្រះសីហនុ។ កោះរ៉ុងមានឆ្នេរខ្សាច់ ចំនួន២៨កន្លែង ក្នុង នោះឆ្នេរខ្សាច់សក្បុស មានប្រវែង៨ គីឡូម៉ែត្រ ដែលចាត់ទុកជាឆ្នេរស្អាតជាងគេនៅតំបន់អាស៊ី ៕