សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបអះអាងថា កំពុងសស្រាក់សស្រាំក្នុងរឿងឃាតកម្មថៅកែលក់គ្រឿងបន្លាស់រថយន្ត
ស្នងការនគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានប្រាប់ អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៤ មេសា នេះថា កម្លាំងសមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវលើករណីឃាតកម្ម ដែលជនដៃដល់បាន ប្រើកាំបិតចុងស្រួច ចាក់សម្លាប់លើបុរសជនរងគ្រោះដែលជាថៅកែលក់គ្រឿង បន្លាស់រថយន្ត។
លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង បានថ្លែងយ៉ាងខ្លីថា ពេលនេះសមត្ថកិច្ចខិតខំក្នុងកិច្ចការងារនេះ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោស។
កាលពីវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី24 ខែមេសា នេះ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្មានយីហោមួយកន្លែង ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បន្ទាប់ពីបុគ្គលិកដែលបម្រើការនៅទីតាំងខាងលើ ប្រទះឃើញថៅកែរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាម ក្នុងបន្ទប់គេង។
ជនរងគ្រោះមានឈ្មោះ ពិត បារាំង អាយុ45ឆ្នាំ រស់នៅតែម្នាក់ឯងនៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចក្នុងហេតុការណ៏បានឲ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកសួរអ្នកជិតខាង ហេតុការណ៍ចាក់សម្លាប់នេះអាចកើតឡើងនៅចន្លោះម៉ោង២១យប់ ថ្ងៃទី២៣ មេសា។ ជនរងគ្រោះត្រូវឃាតករចាក់១កាំបិត ចុងស្រួចចំបំពង់កស្លាប់តែម្តង។ តែនៅមិនទាន់សន្និដ្ឋានបានថា ឃាតករមានគ្នាប៉ុន្មាន់នាក់នោះឡើយ។ ក្នុងពេលពិនិត្យកន្លែងកើតហេតុ ឃើញមានស្នាមគាស់ថតតុ២ទៅបីកន្លែង ដែលទំនងជាគាស់យកទ្រព្យសម្បត្តិ។
ប្រភពបន្តថា អំពើឃាតកម្មខាងលើ ហាក់បីដូចជាមានការរៀបគំរោងទុក ពីព្រោះមេម៉ូរីកាមេរ៉ាសុវត្ថិភាពត្រូវបានជនដៃដល់យកទៅបាត់ដែរ៕