បាត់ដំបង : បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅពេលជិះកង់ទៅដាក់អន្ទាក់កណ្តុរខណះដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំនឹងផ្គររន្ទះផងនោះ។
លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានប្រាប់ថា៖ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់មនុស្សស្លាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨-១៥នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ នៅចំណុចប្រឡាយស្វាយអា ស្ថិតក្នុងឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណះដែលជនរងគ្រោះបានជិះកង់ចេញទៅដាក់អន្ទាក់កណ្តុរនៅពេលមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំផ្គររន្ទះផងនោះ។
លោកបន្តថា៖ជនរងគ្រោះឈ្មោះ ទូច កាត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុពិនិត្យទៅលើសាកសពនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុផល